សហរដ្ឋអាមេរិក ប្រកាសពីកញ្ចប់ជំនួយយោធាថ្មី ២.៥ពាន់លានដុល្លារ ក្នុងនោះមានទាំងរថពាសដែក Stryker សម្រាប់អ៊ុយក្រែន


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែ មករា ឆ្នាំ២០២៣ បញ្ជាក់ថា មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ២.៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ហើយនៅក្រោម កញ្ចប់ជំនួយយោធាថ្មីនេះ ក្នុងនោះរួមមានការផ្ដល់ជាលើកដំបូងនូវរថពាសដែក Stryker និងរថ ពាសដែកប្រយុទ្ធ Bradley បន្ថែមដែលអាចនឹង ត្រូវបានប្រើទប់ទល់នឹងប្រតិបត្តិការ វាយលុកសា ជាថ្មីណាមួយរបស់រុស្ស៉ី។

ការប្រកាសពីកញ្ចប់ជំនួយយោធាថ្មីខាងលើ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងបណ្ដាប្រទេស លោកខាងលិចជួបប្រជុំគ្នានៅឯមូលដ្ឋានទ័ពអាកាសមួយ ក្នុងប្រទេស អាល្លឺម៉ង់ នៅថ្ងៃសុក្រ សប្ដាហ៍នេះ ដើម្បីពិភាក្សាពីការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន។ បើតាមមន្ទីរបញ្ចកោណ នៅក្នុង កញ្ចប់ជំនួយយោធាថ្មីនេះរួមមានរថពាសដែក Stryker ចំនួន៩០គ្រឿង និងរថពាសដែកប្រយុទ្ធ Bradley ចំនួន៥៩គ្រឿង បន្ថែមពីលើរថពាសដែកប្រយុទ្ធ Bradley ៥០គ្រឿងដែលសហរដ្ឋ អាមេរិកបញ្ជូនឱ្យ អ៊ុយក្រែន នៅក្រោមកញ្ចប់យោធាកាលពីពេលមុន៕