សម្តេចតេជោ ហ៊ុន សែន អញ្ជើញចាកចេញពីប្រទេសម៉ាល់ឌីវ ក្រោយបញ្ចប់ទស្សនកិច្ច ប្រកប ដោយផ្លែផ្កាខ្ពស់

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ ខ្ពស់ អញ្ជើញចាកចេញពីប្រទេសម៉ាល់ឌីវហើយ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចប្រកបដោយផ្លែផ្កាខ្ពស់។ ជាពិសេសការបន្តពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ ការទូត ការវិនិយោគ និងពាណិជ្ជកម្មជាប្រយោជន៍ខ្ពស់សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

សម្តេចតេជោ និងគណៈប្រតិភូ បានអញ្ជើញចាកចេញពីប្រទេសម៉ាល់ឌីវ នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៧ ខែមករា ម៉ោងនៅទីក្រុងម៉ាល ត្រូវនឹងម៉ោង ១០ព្រឹក ម៉ោងនៅកម្ពុជា។

ជូនដំណើរនិវត្តន៍របស់សម្តេចតេជោ និងគណៈប្រតិភូ នៅអាកាសយានដ្ឋានអន្តរជាតិវ៉ាឡេណា រួមមាន លោក អាប់ឌុលឡា សាហ៉ីដ រដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ ឯកឧត្តម អ៊ុង ស៊ាន ឯកអគ្គរាជ ទូតកម្ពុជា ប្រចាំម៉ាល់ឌីវ ព្រមទាំងលោក លោកស្រីជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលម៉ាល់ឌីវ និងឥស្សរជនការទូតកម្ពុជា ប្រចាំម៉ាល់ឌីវជាច្រើនរូបទៀត។

តាមការគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៣រសៀលថ្ងៃដដែលនេះ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច នៅប្រទេស ម៉ាល់ឌីវ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ នេះជាដំណើរបំពេញទស្សនកិច្ចជាលើកដំបូងហើយ សម្រាប់សម្តេចតេជោ នៅលើប្រទេសដែន កោះហ៊ុំព័ទ្ធដោយសមុទ្រ ដ៏ស្រស់ត្រកាលមួយនេះ បន្ទាប់ពីកម្ពុជា និងម៉ាល់ឌីវ ភ្ជាប់ទំនាក់ទំនង ការទូតកាលពីឆ្នាំ១៩៩៥។

នៅថ្ងៃទី១៦ ខែមករា សម្តេចតេជោ ហ៊ុន សែន បានផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នៅលើប្រទេសដែនកោះប្រៀបដូចឋានសួគ៌ ក្រោមមេឃ មួយនេះ ទទួលបានការបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ និងកម្រិតខ្ពស់ពីសំណាក់ប្រធានា ធិបតីម៉ាល់ឌីវ លោក អ៉ីប្រាហ៉ីម ម៉ូហាម៉េដ សូលី ព្រមទាំងឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលម៉ាល់ឌីវ ជាច្រើនរូបទៀត នៅលើកម្រាលព្រំពណ៌ក្រហមឆ្អិតឆ្អៅដ៏វែងអន្លាយ។

ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលអមដំណើរដោយផ្ទាល់ពីលោក ប្រធានាធិបតីម៉ាល់ឌីវ បានអញ្ជើញគោរពទង់ជាតិ នៃប្រទេសទាំងពីរ រួមទាំងការសំដែងសិល្បៈ តាមបែបប្រពៃណីរបស់ម៉ាល់ឌីវ ដោយក្រុមសិល្បៈនិស្សិតម៉ាល់ឌីវ និងការបាញ់កាំភ្លើងធំ ៧ដើម របស់កងទ័ពម៉ាល់ឌីវ។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចបានបញ្ចប់ទៅ សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ម៉ាល់ឌីវ បានអញ្ជើញជួបពិភាក្សាការងារ។ ជំនួបពិភាក្សាការងារបានធ្វើឡើងពីរកម្រិត គឺកម្រិត ចង្អៀត និងកម្រិតទ្វេភាគី។

ជំនួបទាំងពីរកម្រិតនេះ សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីម៉ាល់ឌីវ បានជជែកដោយ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរលើគ្រប់វិស័យ រួមទាំងការស្វែងរកមធ្យោ បាយថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បន្ថែមទៀត លើវិស័យពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការ អភិវឌ្ឍធនធានមនុស្ស។

សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីម៉ាល់ឌីវ ក៏បានបានផ្លាស់ប្តូរយោបល់ គ្នាលើ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ទៅវិញទៅមកផងដែរ។

បន្ទាប់ពីជំនួបពិភាក្សាការងារលោកប្រធានាធិបតីម៉ាល់ឌីវ បានរៀបចំពីលៀងសាយភោជន៍ជា មហាកិត្តិយសជូនសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូប្រកបដោយភាពរីករាយ និងស្និទ្ធ ស្នាលជាទីបំផុត។

នៅរសៀលថ្ងៃដដែលសម្តេចតេជោ ហ៊ុន សែន ក៏បានមានជំនួបសម្តែងការគួរសម និងពិភាក្សាការ ងារជាមួយអនុប្រធានាធិបតី ប្រធានរដ្ឋសភា រដ្ឋមន្ត្រីការបរទេស និងប្រធានតុលាការកំពូលរបស់ ប្រទេសម៉ាល់ឌីវផងដែរ។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅលើប្រទេសដែនកោះនៅពេលនេះ គឺជាការ បើកទំព័រដើមឆ្នាំ២០២៣ ក្នុងការគាស់រំលើងទំនាក់ទំនងជាមួយមិត្តចាស់ ដែលជាការនាំមកនូវ ឧបត្តមប្រយោជន៍ខ្ពស់មួយសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។ ដំណើរទស្សនកិច្ចនេះ មិនត្រឹម តែជាការពង្រឹង និងពង្រីកទំនាក់ទំនងប៉ុណ្ណោះទេ តែអ្វីដែលជាប្រយោជន៍សំខាន់នោះ គឺប្រយោជន៍ ផ្នែកសេដ្ឋកិច្ច តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ ជាពិសេសការបើកច្រក ទីផ្សារបន្ថែមសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា៕