ចាប់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ដ្រីជនជាតិចិន នៅក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ ជនសង្ស័យ៥នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួនបន្ទាប់ពីសកម្មភាពឆក់កាបូបស្ដ្រីជនជាតិចិន បានសម្រេចនៅពេលជនរងគ្រោះកំពុងដើរឆ្លងផ្លូវ ស្ថិតនៅចំណុចមុខសណ្ឋាគារ ណានហៃ ក្រុមទី១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។
របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលទទួលនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២២០២៣នេះ បានបញ្ជាក់ថា ក្រោយទទួលបានបណ្តឹងកម្លាំងប៉ុស្តិ៍រដ្ឋបាល បានសហការជាមួយជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុករហូតកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់៥នាក់ យកមកអធិការដ្ឋាននគរបាល ក្រុងដេីម្បីធ្វេីការសាកសួរ។
ជនសង្ស័យទាំង៥នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់កាបូបស្រ្តីខាងលើពិតប្រាកដម៉ែន ដោយ២នាក់ធ្វើសកម្មភាពឆក ២នាក់ទៀតជិះម៉ូតូពីក្រោយ (ចាំបិទគូទ) និងម្នាក់ទៀត ជាអ្នកយកទូរសព្ទ័ជនរងគ្រោះទៅលក់។ ជនសង្ស័យទី១៖ឈ្មោះ ផាត់ រ៉ាវី អាយុ១៨ឆ្នាំ, ទី២៖ឈ្មោះ កែវ វិចិត្រ អាយុ២១ឆ្នាំ, ទី៣៖ឈ្មោះ ងួន គឹមហុង អាយុ២០ឆ្នាំ, ទី៤៖ឈ្មោះ សេង លីហ្សា ភេទស្រី អាយុ១៩ឆ្នាំ និងទី៥៖ឈ្មោះ ទឹម ពិសិដ្ឋ អាយុ១៨ឆ្នាំ។
ក្នុងនោះ កម្លាំងជំនាញដកហូតបាន ម៉ូតូចំនួន២គ្រឿង ម៉ាក Honda Dream C125 ពណ៌ក្រហម និងពណ៌ខ្មៅ (មធ្យោបាយ ជិះធ្វើសកម្មភាព), កាបូបយួរដៃពណ៌ខ្មៅ ចំនួន១ មានលិខិតឆ្លងដែន ចំនួន១ក្បាល ទូរស័ព្ទ ២គ្រឿង និងសម្ភារៈមួយចំនួន (ជារបស់ជនរងគ្រោះ)។ បច្ចុប្បន្នជនសង្ស័យ៥នាក់ខាងលេី កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងបន្ដនីតិវិធី៕