សហភាពអឺរ៉ុប កោះហៅឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ ដើម្បីសម្ដែងការខឹងសម្បារ ជុំវិញការកាត់ទោសប្រហារជីវិតបាតុករ

 (ព្រុចសែល)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា សហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានកោះហៅ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្លុករបស់ខ្លួន គឺលោក ហូសសេន ដេហ៍ហ្គានី (Hossein Dehghani) ហើយ បានប្រាប់លោកថាសហភាពអឺរ៉ុបមានការរន្ធត់ចិត្តយ៉ាងខ្លាំង ចំពោះការប្រហារជីវិតជនជាតិអ៊ីរ៉ង់ ២នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងបង្ក្រាបបាតុករ ប្រឆាំងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់។

លោក ស្ទេហ្វាណូ សាននីណូ (Stefano Sannino) អគ្គលេខាធិការនៃសេវាសកម្មភាពខាងក្រៅ អឺរ៉ុប (EEAS) បានរំលឹកឡើងវិញនូវក្តីខឹងសម្បាររបស់សហភាពអឺរ៉ុប ចំពោះចំណាត់ការខាង លើនេះ ដល់ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់។ លោក សាននីណូ ក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរនូវការ អំពាវនាវរបស់សហភាពអឺរ៉ុប ដល់អាជ្ញាធរអ៊ីរ៉ង់ឲ្យ លុបចោលបទបញ្ជាកាត់ទោសប្រហារជីវិត ដែលបានប្រកាសរួចហើយចំពោះបាតុករដទៃទៀតដោយគ្មានការពន្យារពេលឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អាជ្ញាធរអ៉ីរ៉ង់បានអនុវត្តទោសប្រហារជីវិតលើបុរស២នាក់ ដែលរងការចោទប្រកាន់ពីបទសម្លាប់សមាជិកម្នាក់ នៃកងកម្លាំងសន្តិសុខ កំលុងការផ្ទុះបាតុកម្ម ទូទាំងប្រទេស ដែលកើតឡើងក្រោយការស្លាប់របស់នារីវ័យ២២ឆ្នាំម្នាក់ ឈ្មោះ ម៉ាសា អាមីនី (Mahsa Amini) កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២៕