គ្រោះរញ្ជួយដី ៧.៦រ៉ិចទ័រ វាយប្រហារប្រទេសឥណ្ឌូណេស៉ី នៅព្រឹកថ្ងៃអង្គារនេះ

 (ហ្សកាតា)៖  តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា ទីភ្នាក់ងារផ្នែកភូមិវិទ្យារបស់សហរដ្ឋអាមេរិក (USGS) បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ បានវាយប្រហារយ៉ាងជ្រៅក្រោមបាតសមុទ្រ ក្បែរប្រទេសឥណ្ឌូ ណេស៊ី និងប្រទេសទីម័រខាងកើត នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់)។

USGS បានឲ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះស្ថិតនៅចម្ងាយ ៤២៧គីឡូម៉ែត្រពី កោះអាមប៊ុន (Ambon) នៃភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី ក្នុងជម្រៅ ៩៥គីឡូម៉ែត្រ។ ចំណែក ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូមិសាស្ត្រ (BMKG) របស់ប្រទេសឥណ្ឌូណេស៊ី បានរាយ ការណ៍ពីការរំញ័រក្នុងកម្រិត ៥.៥រ៉ិចទ័រ ហើយ ក៏មានការរញ្ជួយដល់ប្រទេសដីកោះ ទីម័រខាងកើត ផងដែរ គឺនៅប្រជុំកោះម៉ាលូគូ (Maluku) និង ប៉ាពួ (Papua)។ ប៉ុន្តែ ភ្លាមៗនោះមិនទាន់មានរបាយ ការណ៍ អំពីការខូចខាត ឬជនរងគ្រោះទេ។

គួរបញ្ជាក់ថា ដោយសារតែស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ឥណ្ឌូណេស៊ីតែងតែរង គ្រោះដោយសារគ្រោះរញ្ជួយដីជាញឹកញាប់ ដោយការរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ វាយប្រហារ កោះជ្វាខាងលិចបានសម្លាប់មនុស្ស ៦០២នាក់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២៕