ថៃដាក់ចេញបទប្បញ្ញត្តិថ្មីសម្រាប់ការចូលប្រទេសរបស់ខ្លួន ខណៈចិនបើកព្រំដែនឡើងវិញ

(បាងកក)៖ យោងតាមនិយតករអាកាសចរណ៍របស់ថៃបានឱ្យដឹងថា ប្រទេសថៃនឹងតម្រូវឱ្យអ្នកដំណើរអន្តរជាតិបង្ហាញភ័ស្តុតាងថា ពួកគេត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងពេញលេញ មុនពេលហោះហើរទៅកាន់ប្រទេសនេះ ខណៈដែលខ្លួនកំពុងរៀបចំសម្រាប់ភ្ញៀវទេសចរបន្ថែមទៀត បន្ទាប់ពីប្រទេសចិនបានបើកព្រំដែនឡើងវិញនៅថ្ងៃអាទិត្យ ទី៨ មករានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ចាប់ពីព្រឹកថ្ងៃចន្ទសប្តាហ៍ក្រោយនេះ រាល់ការមកដល់របស់ជនបរទេសត្រូវតែបញ្ជាក់ថា ពួកគេត្រូវបានចាក់វ៉ាក់សាំង ឬផ្តល់លិខិតបញ្ជាក់ថា ពួកគេបានជាសះស្បើយពីជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រាំមួយខែ។
អ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំង ត្រូវតែបង្ហាញវិញ្ញាបនបត្រវេជ្ជសាស្រ្តដែលពន្យល់ពីមូលហេតុដែលពួកគេមិនបានទទួលវ៉ាក់សាំង។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានបន្តថា ក្រុមហ៊ុនអាកាសចរណ៍នឹងទទួលខុសត្រូវក្នុងការត្រួតពិនិត្យឯកសារ មុនពេលអ្នកដំណើរឡើងយន្តហោះ ហើយក៏បានចេញផ្សាយអំពីបញ្ជីឈ្មោះវ៉ាក់សាំង ដែលត្រូវបានទាមទារនៅលើគេហទំព័ររបស់ខ្លួនផងដែរ។
គួរបញ្ជាក់ថា តម្រូវការចាក់វ៉ាក់សាំងបង្ការត្រូវបានលុបចោលកាលពីខែតុលាឆ្នាំមុន ប៉ុន្តែត្រូវបានដាក់ឡើងវិញ នៅពេលដែលប្រទេសចិនបើកព្រំដែនរបស់ខ្លួនឡើងវិញ ក្រោយពីការបន្ធូរបន្ថយគោលនយោបាយសូន្យ-កូវីដ​ របស់ខ្លួន។
វិធានការថ្មីនេះមិនអនុវត្តចំពោះអ្នកកាន់លិខិតឆ្លងដែនថៃ ឬអ្នកដំណើរដែលឆ្លងកាត់ប្រទេសថៃនោះទេ៕