(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកប្រធានាធិបតី រុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ក្រោយសង្រ្គាមរយៈពេលជាង ១០ខែមកនេះនិងការបាត់បង់កងទ័ពរាប់ពាន់នាក់បានបង្ខំឱ្យប្រធានាធិបតីរុស្ស៉ីរូបនេះប្រកាសបទឈប់បាញ់រយៈពេល៣៦ម៉ោង ដើម្បីរកខ្យល់ដកដង្ហើមខ្លះ។
វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះឱ្យដឹងថាលោក ពូទីន បានបញ្ជាឱ្យមានបទឈប់ បាញ់ចាប់ពីរសៀលថ្ងៃសុក្រនេះ រហូតដល់ពាក់កណ្ដាលយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីមាន ការអំពាវនាវបទឈប់បាញ់នាឱកាសបុណ្យណូអែលអូតូដុក ពីសំណាក់សម្ដេចសង្ឃអូតូដុករុស្ស៉ី គីរៀល (Kirill)។ ប៉ុន្តែ អ៊ុយក្រែនបានទាត់ចោលបទឈប់បាញ់ឯកតោភាគីនេះ ដោយចាត់ទុកថា វាជាល្បិច ហើយនឹងមិនមានបទឈប់បាញ់ឡើយ រហូតទាល់តែកងទ័ពរុស្ស៉ីទាំងអស់ដកចេញពី ទឹកដីអ៊ុយក្រែន។
នៅពេលត្រូវបានសាកសួរពីបទឈប់បាញ់នេះដែរ លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មាននៅ ឯសេតវិមានថាលោកកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកដែលបានបង្ខំឱ្យ ប្រធានាធិបតីរុស្ស៉ីរូប នេះប្រកាសបទឈប់បាញ់រយៈពេល៣៦ម៉ោង ដើម្បីរកខ្យល់ដកដង្ហើមខ្លះតែប៉ុណ្ណោះ៕