កម្ពុជានាំចេញអង្ករទៅអឺរ៉ុបកើនឡើងជាង ៣០% នៅឆ្នាំ២០២២ តែនាំចេញទៅចិនធ្លាក់ចុះបន្តិច

(ភ្នំពេញ)៖ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់សហគមន៍អឺរ៉ុប ​បានបង្ហាញនិន្នាការកើនឡើង​វិញ នៅក្នុងឆ្នាំ២០២២ បន្ទាប់ពីធ្លាក់ជាបន្តបន្ទាប់ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ដោយសារតែការយក ពន្ធលើអង្កររបស់កម្ពុជា។

ទិន្នន័យការនាំចេញអង្កររបស់កម្ពុជា១០ឆ្នាំចុងក្រោយ ដែលផ្សព្វផ្សាយដោយ លោក ហ៊ាន វណ្ណ ហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករទៅអឺរុបក្នុងបរិមាណជាង ២០ម៉ឺនតោន​កើនឡើង ​៣២.១% បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០២១ ដែលស្មើនឹង ៣៥%នៃបរិមាណនាំចេញសរុប។

​មន្រ្តីជាន់ខ្ពស់រូបនេះបានកត់សម្គាល់ថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ ការនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ​ធ្លាប់តែមានការថយចុះ​ពីមួយឆ្នាំទៅ មួយឆ្នាំ ​គឺពី ៦៦% មកដល់២៥ % នៃបរិមាណនាំចេញសរុបប្រចាំ​ឆ្នាំ តែបែរជាមានកំណើនបន្តិច​​​ឡើងវិញ នៅឆ្នាំ២០២២​។

ដោយឡែកប្រទេសចិន ជាប្រទេសឈរនៅលេខទី១ ដែលបាននាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ក្នុងរយៈពេល១០ឆ្នាំនេះ បានបង្ហាញកំណើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺពី ៣% ទៅដល់៥០% នៃបរិមាណនាំចេញសរុបប្រចាំឆ្នាំ​ តែយ៉ាងនេះក្តីក្នុងឆ្នាំ២០២២កន្លងមកនេះ ​បរិមាណនាំចេញថយចុះបន្តិច​ គឺថយពី ៥០.៣% ក្នុងឆ្នាំ២០២១ មក ៤៥.៣% ក្នុងឆ្នាំ២០២២​។

លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ ការនាំចេញអង្ករទៅ​សហគមន៍អឺរ៉ុបកើនឡើង ក្នុងឆ្នាំ២០២២កន្លងទៅនេះ គឺ បន្ទាប់ពីកម្ពុជាទទួល បានយុត្តិធម៌ ពីការសម្រេចរបស់តុលាការអន្តរជាតិ នៅប្រទេសលុចសំបួ​ ដោយសម្រេចបញ្ចប់សុព លភាព ការកំណត់យកពន្ធលើអង្ករនាំចូលពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប រយៈពេល៣ឆ្នាំ កាលពី ខែមករា ឆ្នាំ២០២២កន្លងមកនេះ​ ដែលជាការបង្កើតច្រកងាយស្រួលសម្រាប់កម្ពុជា បញ្ជូនទំនិញទៅ កាន់អឺរ៉ុបបានច្រើនជាងមុន។

លោកបន្តថា «នៅខាងអឺរ៉ុបនឹងបន្តមានកំណើនបន្ថែម សម្រាប់ទីផ្សារសហគមន៍អឺរ៉ុប ហើយទន្ទឹមនោះ យើងបាននឹងកំពុងសំឡឹងមើលទីផ្សារ Middle East អារ៉ាប់ អាហ្វ្រិក និងនៅអាមេរិកបន្តទៀត ដើម្បី យើងពង្រីកទីផ្សារចម្រុះរបស់យើង ដើម្បីធានានូវបរិមាណ តម្រូវការនៃការនាំចេញអង្កររបស់កម្ពុជា»

លោកបានឱ្យដឹងទៀតថា ​ចំពោះការនាំចេញអង្ករទៅចិនធ្លាក់ចុះ កាលពីឆ្នាំ២០២២ ​គឺពាក់ព័ន្ធនឹង បញ្ហានៃ​អត្រាប្តូរប្រាក់​។ ដោយសារតែកន្លងមកប្រាក់យ័នរបស់ចិន មានអំណាចនៃការទិញខ្ពស់ជាង ​នៅពេលដែលអត្រាប្តូរប្រាក់នេះមិនសូវល្អ បាននាំឱ្យការបញ្ជាទិញធ្លាក់ចុះ។ កត្តាមួយទៀត ដោយ សារកាលពីឆ្នាំ២០២១ ​ចិនបានទិញស្បៀងសម្រាប់បំរុងច្រើន ទើបអង្ករសល់នៅក្នុងស្តុកច្រើន ហេតុដូច្នេះហើយធ្វើឱ្យការបញ្ជាទិញអង្ករ ក្នុងឆ្នាំ២០២២​ មានការយឺតយ៉ាវ។

លោករំពឹងថា នៅក្នុងឆ្នាំ២០២៣នេះ ការនាំចេញអង្ករទៅចិននឹងមានកំណើនឡើងវិញ បន្ទាប់ពីចិន បើកប្រទេសដែលឱ្យដំណើរការពាណិជ្ជកម្មមានឡើងវិញ។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ចំពោះកិច្ចព្រមព្រៀង ឬកូតានាំចេញអង្ករចំនួន៤សែនតោន ត្រូវបានអនុវត្តជិតអស់ហើយ ហើយភាគីទាំងពីរនឹងចាប់ផ្តើមជជែកគ្នា នៅអំឡុងពាក់កណ្តាលឆ្នាំ ២០២៣ខាងមុខនេះ ដើម្បីស្នើកូតានាំចេញអង្ករជាថ្មី។

សូមជម្រាបថា រយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ បានចំនួន ៦៣៧ ០០៤ តោន និងនាំចេញស្រូវបានចំនួន ៣ ៤៦៧ ៨៨៦តោន ​ទទួលបានទឹក ប្រាក់ជាង ១ ២៥៥លានដុល្លារសហរដ្ឋអាមេរិក៕