(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះទេសចរចិន ដែលជាការបញ្ជាក់ថាកម្ពុជាត្រៀមខ្លួនរួចជា ស្រេចក្នុងការទទួលភ្ញៀវទេសចរចិន ប្រកបដោយបដិសណ្ឋាកិច្ច រួសរាយ រាក់ទាក់ដ៏កក់ក្តៅបំផុត ខណៈរដ្ឋាភិបាលចិននឹងបើកប្រទេសឡើងវិញនាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ពោលគឺបាំងតែ២ថ្ងៃ ទៀតប៉ុណ្ណោះ។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ប្រទេសចិនជាប្រទេសធំ មានប្រជាជនច្រើន ជាទីផ្សារទេសច រណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និងពិភពលោក និងជាប្រទេសមួយដែរនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា និងមានទំនាក់ទំនងសហប្រតិបត្តិការ ការតភ្ជាប់ជើងហោះហើរ និងការដឹកជញ្ជូនល្អ ជាពិសេសគឺ ចំណងមិត្តភាពដ៏រឹងមាំជាយុទ្ធសាស្ត្រ សហគមន៍ជោគវាសនារួម ដែលបង្ហាញឱ្យឃើញកាន់តែ ច្បាស់ថាទីផ្សារទេសចរណ៍ចិន ជាទីផ្សារអាទិភាពខ្ពស់បំផុតសម្រាប់អាស៊ាន ក៏ដូចជាកម្ពុជា។
មុនវិបត្តិជំងឺកូវីដ-១៩នៅឆ្នាំ២០១៩
ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ១៥៥លាន នាក់ ស្មើនឹង១០%នៃទេសចរពិភពលោក
(១៥០០លាននាក់) នាំមកនូវចំណាយទេសចរណ៍ ប្រមាណ២៥៨ប៊ីលានដុល្លារ
ស្នើនឹង១ភាគ៥នៃចំណាយទេសចរណ៍ពិភពលោក (១.៣ ទ្រីលាន ដុល្លារ)។
សម្រាប់តំបន់អាស៊ានក៏ទទួលបានទេសចរចិនចំនួន៣២.២លាននាក់ ស្មើនឹង២២.៥% នៃទេសចរពិភពលោក
ដែលក្នុងនោះថៃទទួលបាន១១លាននាក់, សិង្ហបុរីទទួលបាន៣.៤លាននាក់
និងម៉ាឡេស៊ីទទួលបាន៣.១លាននាក់។ ដោយឡែក ទេសចរចិនមកកម្ពុជានៅឆ្នាំ២០១៩ មានជាង ២.៣លាននាក់
ស្មើនឹង៣៥.៧%នៃទេសចរអន្តរជាតិសរុប (៦.៦លាននាក់) គិតជាចំណូលស្មើប្រ មាណ១៨០០លានដុល្លារអាមេរិកលើចំណូលទេសចរណ៍សរុបប្រមាណ៥ប៊ីលានដុល្លាររបស់កម្ពុជា
ខណៈដែលឆ្នាំ២០១៩កម្ពុជាក៏ទទួលបានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ធនឹងទេសចរណ៍ប្រមាណជាង៥០%នៃទុនវិនិយោគបរទេស
(FDI) សរុបរបស់កម្ពុជា។
ប៉ុន្តែក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២២
ស្ថានភាពនៃទីផ្សារ ទេសចរណ៍ចិនមានការផ្លាស់ប្តូរយ៉ាងរហ័ស
និងបានធ្លាក់ចុះយ៉ាងគំហុកទៅកាន់គ្រប់គោលដៅទេស ចរណ៍ក្នុងពិភពលោកទាំងមូល
ដោយសារការដាក់ចេញនូវរបាំងនៃការធ្វើដំណើរចេញក្រៅប្រទេស របស់ចិន។
សម្រាប់ឆ្នាំ២០២៣ ក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩បានធូរស្រាល
ស្របតាមនិន្នាការថ្មីៗ និងការណ៍ ដែលរដ្ឋាភិបាលចិនបានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស
និងការបើក ទទួលទេសចរអន្តរជាតិឡើងវិញបានផ្តល់នូវកាលានុវត្តភាពដល់បណ្តាប្រទេសជាគោលដៅទេសចរណ៍នៅលើពិភពលោក
រួមទាំងកម្ពុជា ក្នុងការស្វាគមន៍ទទួលទេសចរចិនឡើងវិញ។
កម្ពុជាមានសេចក្តីរីករាយទទួលស្វាគមន៍ទេសចរចិនមកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែកសុខាភិបាល
ហើយកម្ពុជា ក៏បានត្រៀមរួចជាស្រេចក្នុងការទទួលទេសចរចិន ក៏ដូចជាទេសចរ អន្តរជាតិផ្សេងទៀតដែរ
ដូចដែលបានគូសបញ្ជាក់ និងយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ ទន្លេមេគង្គខេត្តក្រចេះ
និងផ្លូវតភ្ជាប់ កាលពីថ្ងៃទី២ ខែមករា កន្លងទៅនេះ។
សេចក្ដីប្រកាសបានបន្តថារាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការសម្រួលការធ្វើដំណើរ ដោយបានដកចេញរបាំងសុខាភិបាលតាំងពីក្នុងឆ្នាំ២០២២កន្លងមក នៅពេលដែល កម្ពុជាប្រកាសបើកប្រទេសឡើងវិញ។
សូមប្រកាសបញ្ជាក់ជូនថា កម្ពុជាជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត ដោយសារកម្ពុជាជា ប្រទេសដែលបានទទួលនូវការវាយតម្លែពីអង្គការសុខភាពពិភពលោក ជាប្រទេសឈានមុខគេ ក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទាំងដូសមូលដ្ឋាន និងដូសជំរុញច្រើនជាងគេ ដែលបង្កើត បាននូវភាពស៊ាំសហគមន៍យ៉ាងល្អហើយបើកប្រទេសឡើងវិញ បើកសកម្មភាពសេដ្ឋកិច្ច-សង្គម មុនគេក្នុងតំបន់ ដោយបានប្រកាន់ខ្ជាប់នូវគោលការណ៍ «រៀនរស់ជាមួយជំងឺកូវីដ-១៩ តាមគន្លង ប្រក្រតីភាពថ្មី»។
ចំពោះទីផ្សារទេសចរចិន ដោយអនុវត្តន៏តាមយុទ្ធសាស្រ្តរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) កម្ពុជាតែងតែបានយកចិត្តទុកដាក់ជំរុញយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាច្រើន ក្នុងការទាក់ទាញទេសចរចិន ដូចជា យុទ្ធសាស្ត្រ សៀវភៅស China- Ready សម្រាប់ឧស្សាហកម្ម ទេសចរណ៍កម្ពុជា ក្នុងនោះមានបង្កើតក្រុមការងារមជ្ឈមណ្ឌល China-Ready Center ការបណ្តុះ បណ្តាលភាសា និងវប្បធម៌ចិនដល់មន្ត្រី និងបុគ្គលិក ពង្រឹងមគ្គុទេ្ទសក៍ទេសចរណ៍ភាសាចិន ទាក់ ទាញអ្នកវិនិយោគចិន ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ កម្ពុជាត្រៀមទទួលទេសចរចិនលើសេវាកម្មចំនួន៧ (សណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ សេវាដឹកជញ្ជូនទេសចរណ៍ រមណីយដ្ឋាន សេវាកម្សាន្តទេសចរណ៍និងផ្សារទំនើប និងហាងលក់វត្ថុអនុស្សាវរីយ៍) និងលក្ខណៈវិនិច្ឆ័យចំនួន៥ (បុគ្គលិកជួរមុខចេះចិន និងយល់ពី China-Ready មានការផ្សព្វផ្សាយតាមអនឡាញជាភាសាចិន មានឯកសារផលិតផល និងផ្លាកសញ្ញាបកប្រែចិន សេវាអតិថិជនឆ្លើយតបទីផ្សារចិន និងមានស្តង់ ដាគុណភាពសេវាកម្ម)។
ស្របពេលជាមួយគ្នាដោយឆ្នាំ២០២៣នេះក៏ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន
និងជាឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year
2023) ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព
Every Day Is A Wonder» ក្រសួងទេសចរណ៍ បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តជំរុញការបង្កើតព្រឹត្តិការណ៍ទេសចរណ៍
វប្បធម៌ កីឡា និង សកម្មភាពផ្សព្វផ្សាយទេសចរណ៍នានា ទាំងនៅកម្ពុជា និងនៅចិន
រួមជាមួយនឹងការផ្តល់សេវា កម្មទេសចរណ៍ឱ្យបានកាន់តែល្អប្រសើរ
និងបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅដល់ ទេសចរ ចិន។ ជាមួយគ្នានេះ
ក្រសួងទេសចរណ៍នឹងដាក់ចេញយុទ្ធនាការមេត្រីភាពទេសចរចិន «កម្ពុជា-ចិនមិត្តល្អ»
ដើម្បីទទួលទេសចរចិននៅឆ្នាំ២០២៣ផងដែរ។
សក្តានុពលយ៉ាងធំនៃវិនិយោគិន និងទេសចរចិនមកកម្ពុជានឹងរួមចំណែកដល់ការរីកចម្រើននៃ
វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
ជាមួយការត្រឡប់មកវិញនៃទេសចរចិនកម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ៧លាននាក់នៅឆ្នាំ២០២៥
ដូចការគ្រោងទុកក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជា
ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។
ក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍រីករាយនិងសូមស្វាគមន៍ និងបានត្រៀមខ្លួនរួចរាល់ជាស្រេចទទួលវិនិយោគិន និងទេសចរចិន ជាមួយនឹងបដិសណ្ឋាកិច្ច រួសរាយ រាក់ទាក់ដ៏កក់ក្តៅបំផុត៕