ប៉ូលិសបើកការស៊ើបអង្កេតករណីស្លាប់អ្នកនយោបាយរុស្ស៉ី ក្នុងសណ្ឋាគារមួយនៃប្រទេសឥណ្ឌា

 (ញូដេលី)៖  យោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ បានអោយដឹងថា អាជ្ញាធរបាននិយាយថាប៉ូលីសឥណ្ឌា កំពុងស៊ើបអង្កេតលើការស្លាប់ អ្នកនយោបាយរុស្ស៊ីដែលមានទ្រព្យសម្បត្តិម្នាក់ ដែលមិននឹកស្មានដល់ បន្ទាប់ពីដៃគូធ្វើដំណើរម្នាក់ ទៀតរបស់លោក បានស្លាប់ក្នុងសណ្ឋាគារតែមួយ។

សាកសពរបស់ លោក ប៉ាវេល អាន់តូវ (Pavel Antov) អាយុ ៦៥ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់ នៅខាងក្រៅផ្ទះស្នាក់របស់លោក នៃសណ្ឋាគារដ៏ប្រណីតមួយ ក្នុងរដ្ឋអូឌីសា (Odisha) ស្ថិតនៅ ភាគខាងកើតប្រទេសឥណ្ឌា ជាកន្លែងដែលលោកសម្រាកវិស្សមកាលជាមួយជនជាតិរុស្ស៊ី ៣នាក់ ផ្សេងទៀត។ ហើយវាមានរយៈពេលពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសមាជិកម្នាក់ទៀត គឺលោក វ្ល៉ាឌីមៀ ប៊ីដិនូវ (Vladimir Bidenov) ត្រូវបានគេរកឃើញសន្លប់ដោយសារគាំងបេះដូង នៅក្នុងសណ្ឋាគារ តែមួយហើយមិនអាចជួយសង្រ្គោះបាន។

ប៉ូលិសឥណ្ឌា កំពុងពិនិត្យមើលវីដេអូកាមេរ៉ាសុវត្ថិភាព សាកសួរបុគ្គលិកសណ្ឋាគារ និងរង់ចាំរបាយ ការណ៍ធ្វើកោសល្យវិច័យ ប៉ុន្តែរហូតមកដល់ពេលនេះមិនមានសញ្ញានៃការប្រព្រឹត្តបទល្មើសនោះ ទេ។ មេបញ្ជាការប៉ូលិសក្នុងតំបន់ លោក រ៉ាចេសហ៍ ផានឌីត (Rajesh Pandit) បានប្រាប់ AFP ឲ្យដឹងថា «គ្រប់មុំដែលអាចកើតមានទាក់ទងនឹងការស្លាប់របស់ជនជាតិរុស្ស៊ីពីរនាក់ កំពុងត្រូវបាន ផ្ទៀងផ្ទាត់។ ចំពោះករណីស្លាប់លោក អាន់តូវ ទំនងជាបណ្តាលមកពីការផឹកស្រាច្រើន និងការប្រើ ថ្នាំជ្រុល ហើយធ្លាក់ពីលើសណ្ឋាគារដោយចៃដន្យ»៕