(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែចាប់ផ្តើមដំណើរការសាងសង់រូបសំណាក «រូបពីរ ឬ វិមានរំឰកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ដែលជាស្ដូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-បារាំងឡើងវិញ។
ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅសារមន្ទីរជាតិ មានការប្រគល់-ទទួល រូបសំណាក «រូបពីរ ឬ វិមានរំឰកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ដែលនៅសេសសល់ពីការបំផ្លាញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចំនួន ៧វត្ថុ ធ្វើពីលោហធាតុពីសារមន្ទីរជាតិ ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីផ្គុំ និងសាងសង់ស្ដូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-បារាំងឡើងវិញ។
លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ថា រូបសំណាក «រូបពីរ» ត្រូវសាងសង់ឡើងវិញ ក្រោយអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានថ្លែងនៅចំពោះមុខ លោក អេម៉ាញូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅទីក្រុងប៉ារីស ថា សម្តេចបានអនុញ្ញាតឲ្យមានការ សាងសង់ រូបសំណាកមិត្តភាពនេះឡើងវិញ។ ក្នុងជំនួបឯវិមានរដ្ឋាភិបាលបារាំង អេលីហ្សេ សម្តេច បង្ហាញក្តីសង្ឃឹមថា បារាំងមិនជំទាស់នឹងគម្រោងនេះទេ។
រូបសំណាក «រូបពីរ» គឺជារូបសំណាកដ៏ធំ បង្ហាញពីសាមគ្គីភាពរវាងយុទ្ធជនបារាំង និងកម្ពុជា ដែល ធ្លាប់រួមគ្នាប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី១ ហើយត្រូវបានសាងសង់ឡើង នៅឆ្នាំ១៩២៥ ដើម្បី ឧទ្ទិសដល់យុទ្ធជនពលី នៅក្នុងសង្គ្រាម។ វាត្រូវបានកម្ទេចចោលដោយរបបខ្មែរក្រហម។ ក្រោយកម្ទេចរូបសំណាកនេះ នៅសល់បំណែកខ្លះ គឺរូបក្បាលដំរី ដែលត្រូវបានគេយកមកតម្កល់ទុក នៅផ្លូវចូលនៃសារមន្ទីរជាតិសព្វថ្ងៃនេះ។
សម្រាប់លោក ឆាយ វិសុទ្ធ រូបសំណាក «រូបពីរ ឬវិមានចងចាំ» ដែលហៅតាមពាក្យសម័យសាងសង់ នោះ មានអត្ថន័យសំខាន់ ៣យ៉ាង ក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ រួមមាន៖
* ទី១៖ ជាការបង្ហាញពីការផ្តល់តម្លៃខ្ពស់បំផុតក្នុងការរចនា និងសាងវិមាននេះឡើង ដោយមានពិធី ផ្លូវការអ្នកមុខអ្នកការតូចធំចូលរួមយ៉ាងអធិកអធមបំផុត ហើយមានព្រះសង្ឃចូលរួមបង្សុកុល រហូតដល់ទៅ ១០០០អង្គ។ រូបនេះជានិម្មិតរូបនៃការចងចាំដល់ពេលវេលា ដែលរាជការខ្មែរបង្ហាញ ស្វាមីភក្ត្រចំពោះអាណាព្យាបាលបារាំង ដែលកំពុងជាប់ផុងក្នុងបរិបទសង្គ្រាមលោកលើកទី១ នាកំឡុងឆ្នាំ១៩១៤-១៨ ដែលកាលនោះរាជការខ្មែរគ្រប់ជាន់ថ្នាក់បានចេញប្រកូកប្រកាសស្វែងរក អ្នកស្ម័គ្រចិត្ត ដែលមានកាយសម្បទានល្អ ចូលរួមចេញច្បាំងជាមួយទាហានបារាំង។ កាលនោះ រាជការខ្មែរប្រមូលបានទាហាន ដែលជ្រើសរើសរួចរាល់បានចំនួន ១០០៨នាក់។ នៅដើមឆ្នាំ១៩២៥ ទើបគេសម្ពោធស្តូបនេះជាផ្លូវការ ដើម្បីរំលឹកដល់ទាហានបារាំង-ខ្មែរ ដែលបាន បាត់បង់ជីវិតនៅពេលនោះ ដោយមានរំលេចពាក្យជាអក្សរមាសនៅជ្រុងខាងលិចថា «ជូនបុគ្គល ដែលអនិច្ចកម្មក្នុងចំបាំងធំ» ដែលមានខ្មែរចំនួន ១៥១នាក់ និងបារាំង ៣៣នាក់។ វិមាននេះ ជា និម្មិតរូបនៃសេចក្តីសុខទុក្ខ និងសេចក្តីសង្ឃឹមនៃជាតិសាសន៍ទាំងពីរ ដែលជាប់មេត្រីគ្នាជាដរាប ទៅ។
* ទី២៖ ជាការបង្ហាញពីគោលគំនិតល្ងង់ខ្លៅរបស់មេដឹកនាំខ្មែរក្រហម ដែលមិនបានផ្តល់តម្លៃចំពោះ សមិទ្ធិផលប្រវត្តិសាស្ត្រនានា ដែលបានបន្សល់ទុកក្នុងស្រុកខ្មែរនាពេលកន្លងមក ជាពិសេសនៅ រាជធានីភ្នំពេញ ដើម្បីបញ្ជាក់ពីគោលនយោបាយបន្សុទ្ធខ្មែរ។ ហេតុដូច្នេះហើយ ទើបគេនាំគ្នាបំផ្លាញ សំណង់សាសនានានា និងវិមានដ៏សំខាន់មួយនេះ នាកំឡុងពេលដែលរបបអាវខ្មៅនេះ កាន់កាប់ ស្រុកទេសពីឆ្នាំ១៩៧៥-៧៨។
* ទី៣៖ ជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីឆ្នាំ១៩៧៩មក បាន ខិតខំស្តារ និងលើកតម្លៃនូវរាល់សមិទ្ធិផលនានា ដែលនៅសេសសល់ពីការកម្ទេចចោលរបស់ ខ្មែរក្រហម។ ជាក់ស្តែង ក្រោយរំដោះស្រុកទេសបានពីរបបអាវខ្មៅភ្លាម រាជរដ្ឋាភិបាលបានណែនាំ ឲ្យក្រុមជំនាញវប្បធម៌ ប្រមូលយកនូបំណែកដែលនៅសេសល់ពីការបំផ្លាញនៅក្នុងរាជធានីភ្នំពេញ មករក្សាទុកនៅក្នុងសារមន្ទីរ ជាពិសេសបំណែកវិមាន និងព្រះវិហារកាតូលិក ដែលសាងក្នុងសម័យ បារាំងសែស។ ទង្វើនៃការយកចិត្តទុកដាក់ និងផ្តល់តម្លៃចំពោះស្នាដៃប្រវត្តិសាស្ត្រនេះ បានបន្តរហូត មកដល់ពេលបច្ចុប្បន្ននេះ ជាក់ស្តែងកាលពីពេលថ្មីៗកន្លងមកនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តួចផ្តើមគំនិតក្នុងការសាងសង់វិមាននេះឡើងវីញ៕