(ហាណូយ)៖ តាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Diplomat នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ អោយដឹងថា ក្រសួងការបរទេសវៀតណាម អាចនឹងត្រូវទទួលរងការដាក់ ពិន័យ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយក្នុងការរៀបចំការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋវៀតណាម ដែល បានជាប់គាំងនៅឯបរទេស អំឡុងការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩ ដោយនាំឱ្យមានការចាប់ខ្លួន ស្ដីបន្ទោស និងការបណ្ដេញមន្ត្រីជាច្រើនរូបចេញពីគណបក្សកម្មុយនិស្ដ។
គណៈកម្មាធិការអធិការកិច្ចមជ្ឈិមនៃគណបក្សកុម្មុយនិស្ដវៀតណាម (VCP) បានផ្ដល់អនុសាសន៍ ឱ្យការិយាល័យនយោបាយ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្ស ដាក់ពិន័យលើ ក្រសួងការបរទេសវៀតណាមទាំងមូល ក្នុងនោះរួមមានទាំងការស្ដីបន្ទោសរដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជុំវិញរឿងអាស្រូវពុករលួយខាងលើ។ អំពើពុករលួយនេះបានកើតឡើងនៅក្នុងការរៀបចំជើងហោះជាង៤០០ជើង សម្រាប់ការធ្វើមាតុ ភូមិនិវត្តន៍ពលរដ្ឋវៀតណាម ដែលបានជាប់គាំងនៅឯបរទេស អំឡុងការឆ្លងរាតត្បាតខ្លាំងនៃជំងឺ កូវីដ១៩។
បើតាមក្រសួងសន្តិសុខសាធារណៈវៀតណាម កាលពីខែមិថុនាកន្លងទៅ ក្នុងមួយជើងៗនៃជើង ហោះហើរ ក្រុមមន្ត្រីវៀតណាមមួយចំនួនបានប្រព្រឹត្តអំពើពុករលួយ ក្នុងទឹកប្រាក់ រាប់ពាន់លានដុង ហើយបើធ្វើការប្រៀបធៀប មួយពាន់លានដុង ស្មើនឹងជាង ៤៣,៦០០ដុល្លារ។
គួរបញ្ជាក់ថាការផ្ដល់អនុសាសន៍របស់គណៈកម្មាធិការអធិការកិច្ចមជ្ឈិមនៃគណបក្សកុម្មុយនិស្ដវៀតណាម កើតមានឡើង ខណៈអនុប្រធានបក្សប្រចាំទីក្រុងហាណូយ លោក Chu Xuan Dung ត្រូវ បានចាប់ខ្លួន ពីបទទទួលសំណូក រួមជាមួយលោក Vu Hong Nam ជាអតីតអគ្គរដ្ឋទូតប្រចាំ ប្រទេសជប៉ុន។ មកទល់នឹងពេលនេះ មានមនុស្ស ៣៥នាក់ មកពីក្រសួងមួយចំនួន ត្រូវបានចាប់ ខ្លួន ក្នុងនោះរួមមានទាំងមន្ត្រីជាន់ខ្ពស់ដូចជាអតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក To Anh Dung។ ចំណែកឯ មន្ត្រីប្រចាំ ស្ថានកុងស៊ុលវៀតណាម នៅឯរុស្ស៉ី ម៉ាឡេស៊ី និងអង់ហ្គូឡា ព្រម ទាំងលោក Nguyen Hong Ha ជាអគ្គស្ថានកុងស៊ុលវៀតណាម ប្រចាំទីក្រុងអូសាកា ប្រទេសជប៉ុន ត្រូវបានបណ្ដេញចេញពីតំណែង និងគណៈកម្មាធិការអធិការកិច្ចមជ្ឈិមនៃគណបក្សកុម្មុយនិស្ដ។
មិនតែប៉ុណ្ណោះ មន្ត្រីដទៃទៀតដូចជាឯកអគ្គរដ្ឋទូតបច្ចុប្បន្នប្រចាំម៉ាឡេស៊ី អតីតឯកអគ្គរដ្ឋទូត ប្រចាំឥណ្ឌា និងអគ្គស្ថានកុងស៊ុលប្រចាំទីក្រុង ហ្វូគូអុកា ប្រទេសជប៉ុន ក៏ត្រូវបាន ស្ដីបន្ទោស ផងដែរ៕