(ភ្នំពេញ)៖ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅទឹកដីអង្គរ នៃខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតពេញ ១ថ្ងៃ កាលពីថ្ងៃទី២៧ ខែធ្នូម្សិលមិញ ដោយមានប្រតិភូ មន្ដ្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុបជាង ៤០០នាក់ ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិ ជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ។លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធបាន ឲ្យ ដឹងថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានកំណើនកីឡាករ-កីឡាការិនីចូលរួមប្រមាណ ១០% បើ ធៀបកាលពីឆ្នាំ២០២១ ។ អ្វីដែលពិសេស ការប្រកួតបានរៀបចំតាមលក្ខណៈស្ដង់ដារខ្ពស់ នៅ លើទីលាន នៃកម្ពុជាត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីជាការតេស្ដ សាកល្បងកម្រិតខ្ពស់ថ្នាក់ជាតិលើកចុងក្រោយ មុនឈានទៅរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ លើកដំបូងនៅកម្ពុជា នាឆ្នាំក្រោយ ។
ឆ្លៀតឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ទសហការ រៀបចំការប្រកួតខាងលើ ពិសេសក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងវិស័យឯកជន ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាមួយនេះ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់មន្ដ្រីបច្ចេកទេសសហព័ន្ធ និងកីឡាករ-កីឡាការិនី ដែលបាន ប្រកាន់ភ្ជាប់នូវស្មារតីមិត្តភាព និងសាមគ្គីភាព ដើម្បីបង្កើនគុណផលបច្ចេកទេស ត្រៀមឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ ។
ជាលទ្ធផលបច្ចេកទេសក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញលើប្រភេតកីឡាកង់គួក និងកង់ភ្នំ ដែលមានសរុប ៧វិញ្ញាសា គឺក្លិប ECT ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៦គ្រឿង (មាស ២ ប្រាក់ ២ និងសំរឹទ្ធ ២) គ្រាដែលក្រុមកងយោធពលខេមរភូមិន្ទ ឈរលេខ២ ឈ្នះមេដាយសរុប ៥គ្រឿង (មាស ១ ប្រាក់ ៣ និងសំរឹទ្ធ ១) គ្រាដែលក្រុមកង់ខេត្តកំពត, ក្រុម Elecctro Racing, ក្រុម Wheelers Cycling និងក្រុមកង់រំពេ គឺដណ្ដើមបានមេដាយមាស ១គ្រឿងដូចៗគ្នា ៕