(ភ្នំពេញ)៖ លោក ហង្ស សាមឿន អនុប្រធាន គ.ជ.គ.ម. និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញប្រគល់សម្ភារសង្រ្គោះក្រោមផ្ទៃទឹក និងថវិកាចំនួន១០លានរៀល ដែលជាអំណោយ របស់សម្តេចតេជោ ជូនដល់បញ្ជាការដ្ឋានទ័ពពិសេស
ថ្លែងនាឱកាសទទួលអំណោយ លោកឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បានអរគុណចំពោះឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើសមរភូមិសង្គោះគ្រោះមហន្តរាយ ដែលតែងតែ យកចិត្តទុកដាក់ គិតគូរ និងបានផ្តល់សំភារៈសង្រ្គោះ ដល់បញ្ជាការដ្ឋានជារៀងរហូតមក។
លោកឧត្តមសេនីយ៍ឯក ក៏បានលើកឡើងពីសកម្មភាពរបស់នាយទាហាន នាយទាហានរង និង ពលទាហានព្រមទាំងការចូលរួមរបស់ស្ថាប័នអង្គភាព អង្គការ សមាគម និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសក្នុងពេលកន្លងមក។
លោកឧត្តមសេនីយ៍ឯក ចាប ភក្តី បានបញ្ជាក់ដែរថា ការជួយឧត្ថម្ភដល់បញ្ជាការដា្ឋនទ័ពពិសេស នាពេលនេះគឺជាកាយវិការប្រកបដោយសប្បុរសធម៌ និងជាគុណូបការៈ ជាការចូលរួមចំណែកយ៉ាង សកម្មក្នុងការត្រៀមបង្ការ សង្រ្គោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។
ក្នុងនាម ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម លោក ហង្ស សាមឿន បានវាយតម្លៃខ្ពស់ និងកោតសសើរ ដល់បញ្ជាការដ្ធានទ័ពពិសេស ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ក្នុងការជួយសង្រ្គោះគ្រោះមហន្តរាយ នាពេលកន្លងមក។
លោក ហង្ស សាមឿន ក៏បានសង្កត់ធ្ងន់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ សម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ដល់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយកថាហេតុ ពីព្រោះគ្រោះមហន្តរាយមិនដឹងកើតឡើងនៅពេលណានោះទេ ហើយជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែបានយកចិត្តទុកដាក់ចំពោះសុខ ទុក្ខ និង ការលំបាករបស់ប្រជាពលរដ្ឋ និងបានត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះ ធម្មជាតិនានា គ្រប់ពេលវេលា ព្រមទាំងថែរក្សាសន្តិភាពអោយបានយូរអង្វែងជូនប្រជាពលរដ្ឋរស់ នៅ»។
លោកបានបន្ថែមថា ការបំពាក់ឧបករណ៍ សម្ភារៈបច្ចេកទេសនាពេលនេះ គឺជាការគិតគូរមួយរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការពង្រឹងសមត្ថភាពក្រុមការងារជួយសង្គ្រោះពេលហេតុការណ៍គ្រោះ មហន្តរាយផ្សេងៗ ដូចជាការបាក់រលំអគារ គ្រោះមហន្តរាយបណ្តាលមកធម្មជាតិ និងឧប្បត្តិហេតុ ផ្សេងៗទាំងលើគោក លើទឹក និងលើអាកាសផងដែរ៕