(មូស្គូ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាកងារសារព័ត៌មាន AFP គឺ ទីភ្នាក់ងារសារព័ត៌មាន រដ្ឋរុស្ស៊ី TASS បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគី ចិន លោក ស៊ី ជីនពីង នឹងជួបជជែកពិភាក្សាគ្នានៅមុនដំណាច់ឆ្នាំនេះ ដោយមិនបានផ្តល់ព័ត៌មាន លម្អិតអំពីពេលវេលា ឬទម្រង់នៃការជជែកពិភាក្សានេះនោះទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ភាគីទាំងពីរនឹងបញ្ចេញព័ត៌ មានលម្អិតនៅពេលកំណត់ណាមួយ។
លោក ពូទីន និងលោក ស៊ី បានប្រកាសពីភាពជាដៃគូ «គ្មានដែនកំណត់» រវាងប្រទេសទាំងពីរ នៅពេលដែលមេដឹកនាំរុស្ស៊ី បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែកុម្ភៈ បីសប្តាហ៍មុនពេល ការលុកលុយអ៊ុយក្រែន។
ជាមួយនឹងបណ្តាប្រទេសលោកខាងលិចថ្កោលទោសសង្គ្រាម និងវាយដំសេដ្ឋកិច្ចរបស់រុស្ស៊ីដោយ ការដាក់ទណ្ឌកម្ម ភាពជាដៃគូជាមួយចិនកាន់តែមានសារៈសំខាន់សម្រាប់លោកពូទីន ទោះបីជា លោកបានទទួលស្គាល់ជាសាធារណៈកាលពីខែកញ្ញាថា ទីក្រុងប៉េកាំងបានសម្តែង «ការព្រួយបារម្ភ » លើបញ្ហាអ៊ុយក្រែនក៏ដោយ។
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ របស់ លោក ពូទីន បានជួប លោក ស៊ី ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពី សប្តាហ៍មុន។
លោក ស៊ី បានប្រាប់ លោក Medvedev ថា ប្រទេសចិនសង្ឃឹមថាភាគីទាំងអស់នៅក្នុងវិបត្តិអ៊ុយ ក្រែនរក្សាការអត់ធ្មត់ និងដោះស្រាយបញ្ហាសន្តិសុខតាមរយៈដំណោះស្រាយនយោបាយ៕