(បាងកក)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ បានប្រាប់អោយដឹងថា កូនស្រីពៅរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) នៅតែបន្តជាជម្រើសនាំមុខគេបំផុតដដែល សម្រាប់តំណែងនាយករដ្ឋមន្រ្តី ដោយយោងតាមលទ្ធផលស្ទង់មតិថ្មីមួយ មុនការបោះឆ្នោតសកល ដែលនឹងត្រូវរៀបចំឡើង នៅឆ្នាំ២០២៣។
នៅក្នុងការស្ទង់មតិដែលធ្វើឡើងដោយ វិទ្យាស្ថានជាតិអភិវឌ្ឍរដ្ឋបាល NIDA របស់ប្រទេសថៃ អ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដែលមានវ័យ៣៦ឆ្នាំ គឺជាជម្រើស កំពូលក្នុងការកាន់តំណែងជាមេដឹកនាំថ្មីរបស់ថៃ សម្រាប់អ្នកចូលរួមស្ទង់មតិចំនួន ៣៤ភាគរយ ខណៈវាច្រើនជាងការគាំទ្ររបស់នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់អូចា ដែលជាគូ ប្រជែងប្រកៀកប្រកិតជាងគេរបស់អ្នកនាង ដល់ទៅជាងទ្វេដង។
សំឡេងគាំទ្ររបស់អ្នកនាង ផែថងថាន បានកើនឡើងពី២១ភាគរយ ក្នុងការស្ទង់មតិកាលពីខែកញ្ញា ខណៈដែលការគាំទ្ររបស់លោក ប្រាយុទ្ធ បានកើនពី១០ភាគរយ មកដល់១៤ភាគរយ។ លោក ប្រាយុទ្ធ នេះហើយ គឺជាអ្នកដែលបានដឹកនាំរដ្ឋប្រហារយោធាទម្លាក់ រដ្ឋាភិបាលលោកស្រី យីង ឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ដែលត្រូវជាមីងរបស់អ្នកនាង កាលពីឆ្នាំ២០១៤។ ចំណែកឪពុកអ្នកនាង គឺលោក ថាក់ស៉ីន ក៏ត្រូវបានយោធាធ្វើរដ្ឋប្រហារដែរ កាលពីឆ្នាំ២០០៦។
គួរបញ្ជាក់ថា យោងតាមគណៈកម្មការបោះឆ្នោតរបស់ថៃ គឺប្រទេសអាស៊ានមួយនេះ ត្រូវតែរៀប ចំការបោះឆ្នោតសកលអាណត្តិថ្មី ឱ្យបាននៅត្រឹមខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការកំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។ អ្នកនាង ផែថងថាន គឺជាសមាជិក ជាន់ខ្ពស់ម្នាក់ នៅក្នុងគណបក្សភឿថៃ (Pheu Thai) ប៉ុន្តែគណបក្សពុំទាន់ប្រកាសយក អ្នកនាងជា បេក្ខភាពនាយករដ្ឋមន្រ្តីនៅឡើយទេ៕