រដ្ឋមន្រ្តីការងារ លើកឡើងថា ការផ្សព្វផ្សាយព័ត៌មានពិត ពីសមិទ្ធផលរបស់រដ្ឋាភិបាល បានចូល រួមចំណែកការពារសមិទ្ធផលទាំងនោះ ឱ្យបានគង់វង្ស

 (ភ្នំពេញ)៖ នៅលើបណ្តាញផ្សព្វផ្សាយសង្គមសព្វថ្ងៃនេះ មានព័ត៌មានក្លែងក្លាយមួយចំនួន កំពុង បំភាន់មតិសាធារណជនឱ្យបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍប្រទេស ដែលជាការខិតខំប្រឹងប្រែង ដោយលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ រដ្ឋមន្ត្រីក្រសួងការងារ ចង់ឱ្យអ្នកលេង បណ្តាញសង្គម ត្រូវផ្សព្វផ្សាយនូវព័ត៌មានពិតទាក់ទងនឹងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដើម្បីឱ្យសាធារណមតិ ទាំងក្នុង និងក្រៅប្រទេស បានយល់ដឹងនិងចូលរួមចំណែកក្នុងការការពារ សមិទ្ធផលអស់ទាំងនេះ ឱ្យស្ថិតស្ថេរគង់វង្ស។

ការលើកឡើងបែបនេះរបស់ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង ក្នុងឱកាសអញ្ជើញជាអធិបតី បើកវគ្គ បណ្តុះបណ្តាលស្តីពីការប្រើប្រាស់បណ្តាញសង្គម FACEBOOK នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដែលមានសិក្ខាកាមចូលរួម ចំនួន ៥៧០នាក់ មកពី ១៤សហភាពសហជីព។

បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម រដ្ឋមន្ត្រី សង្ឃឹមថាសិក្ខាកាមទាំងអស់ នឹងមានសមត្ថភាព ខ្ពស់ក្នុងការប្រើប្រាស់បណ្តាញសង្គម ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មាននិង សមិទ្ធផលនានា ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទន្ទឹមនឹងនោះ សិក្ខាកាមក៏ចេះប្រើប្រាស់ហេ្វសប៊ុកជាមធ្យោបាយដើម្បីវាយបក ឬបកស្រាយ បំភ្លឺសាធារណៈមតិ រាល់ព័ត៌មានញុះញង់ បំផុសបំផុល ប្រជាភិថុតិ ឬបំភ្លៃការពិតនៅតាមបណ្តាញ Facebook និងបណ្តាញសង្គមផ្សេងទៀតឱ្យបានទាន់ពេលវេលា។

ឯកឧត្តម បណ្ឌិត អ៊ិត សំហេង លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញលើការប្រើ ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជំរុញល្បឿនការងារឱ្យបានលឿន ទាន់ពេលវេលា កាត់បន្ថយការចំណាយ និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាឱ្យបានដល់ដៃសាធារណជនក្នុង និងក្រៅប្រទេស។ ឈរលើមូលដ្ឋាននេះរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ សំដៅធ្វើឱ្យប្រជាជន ជាពិសេសយុវជនទាំងអស់ទទួលបាននូវការសិក្សាបច្ចេកវិទ្យា ការអប់រំប្រកប ដោយ គុណភាព និងសមត្ថភាព ដើម្បីឱ្យពួកគេក្លាយជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការ ចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែរីកចម្រើន។

ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបណ្ដាញសង្គមហ្វេសប៊ុក ជាយន្តការដ៏សំខាន់មួយក្នុងការធ្វើការ និងទទួលនិងដោះស្រាយនូវសំណូមពរ ឬបញ្ហានានា ដោយ តម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវតែមានផេករបស់ខ្លួន ដើម្បីទទួលព័ត៌មាន និងដោះស្រាយនូវរាល់ កង្វល់នានារបស់ប្រជាពលរដ្ឋ។

គួរជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងឱ្យសិក្ខាកាមបានយល់ដឹងអំពី បច្ចេក ទេសនៃការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា ការថត ការកាត់ត រូបភាពតាមទូរស័ព្ទ និងរបៀបបង្កើត Tiktok, ការជ្រើសរើសរូបភាព និងព័ត៌មានក្នុងការផ្សព្វផ្សាយ, ការចុះបដិសេដ ឬគាំទ្រលើព្រឹត្តិការណ៍ ឬព័ត៌មាននានា, ការផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជ រដ្ឋាភិបាល សកម្មភាពរបស់ថ្នាក់ដឹកនាំ ផលប្រយោជន៍នានាដល់បងប្អូនកម្មករនិយោជិត និង សាធារណជន, ការបែងចែកព័ត៌មានដែលផ្ទុយពីការពិត ទៅនឹងព័ត៌មានពិត ដែលគួរជឿនិងមិន គួរជឿ, ការរៀបចំខ្លឹមសារសរសេរ និងយុទ្ធសាស្ត្រដែលមានភាពទាក់ទាញ ប្រកបដោយប្រសិទ្ធ ភាព៕