ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ដឹកជនបរទេសម្នាក់មកបាញ់សម្លាប់ នៅខណ្ឌចំការមន រួចបើករថយន្ដគេចបាត់


 (ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណដឹកតាមរថយន្ដទំនើបមួយគ្រឿងមកបាញ់សម្លាប់ រួចគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុច THE PEK RESIDENCES TOWER2 ស្ថិតនៅភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដើមឡើយគេឃើញមនុស្សមួយក្រុម ជិះរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក និងមិនចាំផ្លាកលេខ មកឈប់នៅកន្លែងកើតហេតុ រួចស្រាប់តែលឺសំឡេងកាំភ្លើងផ្ទួនៗ បីគ្រាប់ ហើយរថយន្ដនោះបើកចេញបាត់។

ភ្លាមនោះ ស្រាប់តែគេប្រទះឃើញជនរងគ្រោះម្នាក់ ជាជនជាតិបរទេស និងបង្កឲ្យមានការភ្ញាក់ផ្អើលហៅរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីដឹកជនរងគ្រោះទៅមន្ទីរពេទ្យ តែពេលទៅពេទ្យត្រូវបានគេបញ្ជាក់ថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្នការិយាល័យបច្ចេកទេសកោសល្យវិច្ឆ័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានពិនិត្យសាកសពជនរងគ្រោះ និងតំកល់នៅសាលសពរបស់កាល់ម៉ែត ដើម្បីរងចាំទំនាក់ទំនងទៅស្ថានទូតស្វែងរកគ្រួសារ៕