យានយន្ត ១៧៦គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២

 (ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ១៧៦គ្រឿងទៀត ត្រូវបាននគរបាល ទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ១៤០គ្រឿង និងរថយន្ត ៣៦គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់អោយដឹង។

បើតាមអ្នកនាំពាក្យ, គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៤៨,១៨៤គ្រឿង ក្នុងនោះមានម៉ូតូ ១១៩,៧២៦គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៨,៤៥៨គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា អត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសល្បឿន ខ្សែក្រវាត់ ឆៀក ទូរស័ព្ទ អត់បណ្ណបើកបរ និងសញ្ញា ជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នក ប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែង ជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន ០៧លើក ក្នុងនោះអ្នកស្លាប់ចំនួន ០១នាក់ របួសចំនួន ១១នាក់ (របួសធ្ងន់ ចំនួន ០៨នាក់)។ រយៈពេល៣៥៩ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,៩២៦លើក បណ្ដាល ឱ្យមនុស្សស្លាប់ ១,៦៦៧នាក់ របួស ៣,៩៧៦នាក់ (របួសធ្ងន់ ២,៥៤២នាក់)៕