ព្យុះព្រិលនៅសហរដ្ឋអាមេរិក ផ្ដាច់ជីវិតមនុស្ស ១៨នាក់


(វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា ព្យុះព្រិលដ៏អាក្រក់មួយ បានបណ្ដាលឱ្យផ្ទះ និងហាងទំនិញរាប់សែនខ្នង គ្មានអគ្គិសនីប្រើប្រាស់នៅទូទាំងសហរដ្ឋអាមេរិក ខណៈមនុស្ស១៨នាក់បានស្លាប់ ដោយសារគ្រោះ ថ្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងព្យុះព្រិលនេះ។

ព្យុះព្រិលឈ្មោះ «bomb cyclone» ក៏បានបង្ខំឱ្យមានការលុបចោលជើងហោះហើរជាង ៣,០០០ ជើងផងដែរ កាលពីថ្ងៃសៅរចុងសប្ដាហ៍នេះ បន្ទាប់ពីជើងហោះហើរ ៥,៧០០ជើង ត្រូវបានលុប ចោលកាលពីថ្ងៃសុក្រកន្លងទៅនេះ ដែលធ្វើឱ្យអ្នកដំណើររាប់ពាន់នាក់ត្រូវជាប់គាំង នៅនាទីចុង ក្រោយនៃការស្វាគមន៍ពីបុណ្យណូអែល ចូលមកដល់។ សីតុណ្ណភាពបានធ្លាក់ចុះទាបគួរឱ្យព្រួយបារម្ភនៅតាមផ្នែកមួយចំនួននៃសហរដ្ឋអាមេរិក ក្នុងនោះ រួមមានទាំងរដ្ឋធានីវ៉ាស៊ីនតោន។ ចំណែកឯ ប្រព័ន្ធផ្គត់ផ្គង់ អគ្គិសនីនៅទូទាំងសហរដ្ឋអាមេរិក ត្រូវគាំងដំណើរការដោយសារតែតម្រូវការអគ្គិសនីខ្ពស់ពេកសម្រាប់ម៉ាស៊ីនកម្ដៅ និងការខូចខាត បណ្ដាញផ្គត់ផ្គង់អគ្គិសនីបង្កឡើងដោយ ព្យុះព្រិលនេះ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Poweroutage.us ផ្ទុះ និងហាងទំនិញយ៉ាងហោច ៣០០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់ គិតត្រឹមល្ងាចថ្ងៃសៅរ៍ (ម៉ោងនៅអាមេរិក) ហើយបើទោះជាតួលេខនេះមាន ការថយចុះបើធៀបទៅនឹងប៉ុន្មានថ្ងៃមុនក៏ដោយ ក៏ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីនៅតែបន្តស្នើឱ្យ ប្រជាជនសន្សំសំច្ចៃ ដោយកាត់បន្ថយការប្រើ អំពូលភ្លើងដែលមិនចាំបាច់៕