ប្រមុខការទូតអាមេរិក ថានឹងស្នើចិនជួយបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើង ត្រឡប់់មករកតុចរចា


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ គឺ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) នៅថ្ងៃ ព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាលោកនឹងស្វែងរក ជំនួយពីចិន ក្នុងការបញ្ចុះបញ្ចូលឱ្យ កូរ៉េខាង ជើងត្រឡប់មករកតុចរចាឡើងវិញ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីល ជាបន្តបន្ទាប់។

លោក ប៊្លីនខិន ដែលមានផែនការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នៅដើមឆ្នាំ២០២៣ ក្នុងនាម ជាមន្ត្រីការទូតកំពូលដំបូងបំផុតរបស់សហរដអាមេរិកដែល បំពេញទស្សនកិច្ចក្នុងប្រទេសចិន អស់រយៈពេលជាង៤ឆ្នាំមកនេះ ក៏បានឱ្យដឹងដែរថាលោកនឹងពិភាក្សាជាមួយចិនថាតើត្រូវធ្វើយ៉ាង ណាដើម្បីអាច បញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើងត្រឡប់មករកផ្លូវត្រូវវិញ។ លោក ប្ល៊ីនខិន បានគូស បញ្ជាក់ដូច្នេះថា «យើងធ្លាប់បានបញ្ជាក់ជាច្រើនលើកមកហើយថាយើងបើក ចំហការទូតដោយគ្មាន លក្ខខណ្ឌ។ យើងនៅតែប្ដេជ្ញាចិត្តចំពោះការរំសាយអាវុធនុយក្លេអ៊ែរនៅលើតំបន់ឧបទ្វីបកូរ៉េ»

លោកបន្ថែមថា «សព្វថ្ងៃកូរ៉េខាងជើងមិនបានចូលរួម នៅក្នុងមូលដ្ឋានបែបនេះទេ ប៉ុន្តែលទ្ធភាព នៅតែមាន ហើយខ្ញុំគិតថាចិនអាចដើរតួនាទីដើម្បីជួយ តម្រែតម្រង់ទិសដៅនេះ»

តែទោះជាយ៉ាងណាក៏ដោយ លោកប្រមុខការទូតអាមេរិក បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកនឹង ពង្រឹងការដាក់ទណ្ឌកម្មកាន់តែខ្លាំងប្រឆាំងនឹងកូរ៉េខាងជើង ព្រមទាំងនឹងធ្វើការងារយ៉ាងជិតស្និទ្ធជា មួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន ដើម្បីការពារប្រឆាំងនឹងរាល់ការឈ្លានពានទាំងឡាយ៕