រាជរដ្ឋាភិបាលកម្ពុជា ​ចុះកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានជិត ៤០០លានដុល្លារ​ ពីធនាគារអភិវឌ្ឍន៍ អាស៊ី និង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍

 (ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះកិច្ចព្រម ព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ​ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) ​សម្រាប់គម្រោង/កម្មវិធីចំនួន ៦ ដែលមានទឹកប្រាក់សរុបចំនួន ៣៨១​.៤៥លានដុល្លារអាមេរិក និងហិរញ្ញប្បទានជំនួយបច្ចេកទេសចំនួន០១ ដែលមានទឹកប្រាក់ចំនួន ១.៧លានដុលា្លរ ​សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យថាមពល​។

ពិធីចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការនេះ បានរៀបចំឡើងនៅនៅទីស្តីការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមានអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Jacques Pellet ឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា​ លោកស្រី Jyotsana Varma នាយកស្ថានតំណាងរបស់ ADB ប្រចាំនៅកម្ពុជា​ និងលោកស្រី Sandrine Boucher នាយកស្ថានតំណាងរបស់ AFD ប្រចាំនៅកម្ពុជា​។
គម្រោងទាំង៦ដែលត្រូវអនុវត្តរួមមាន៖

១៖ កម្មវិធីអភិវឌ្ឍន៍វិស័យថាមពល-អនុកម្មវិធីទី១ មានគោលបំណងរួមចំណែកគាំទ្រកម្ពុជាក្នុង ការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព, ជំរុញល្បឿននៃការប្រែក្លាយទៅជាសេដ្ឋកិច្ច បៃតង និងកាត់បន្ថយការបញ្ចេញកាបូន ព្រមទាំង ជំរុញការវិនិយោគប្រកបដោយភាពប្រកួតប្រជែង ក្នុងវិស័យថាមពល តាមរយៈយន្តការភាព ជាដៃគូរវាងរដ្ឋ និង ឯកជន។

២៖ គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព មានគោលបំណងអភិវឌ្ឍស្ថាប័ន និងហេដ្ឋារចនា សម្ព័ន្ធតំបន់សមុទ្រ ដើម្បីលើកកម្ពស់ផលិតភាពផលនេសាទសមុទ្រ, ពិពិធកម្ម ជីវភាពប្រជានេសាទដែលធន់នឹងអាកាស ធាតុ, ជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងជំរុញ ពាណិជ្ជូបនីយកម្មផលនេសាទសមុទ្រ។

៣៖ គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ មានគោលបំណងចម្បង ២ គឺ៖ ទី១.លើកកម្ពស់ផលិតភាព, គុណភាព, ពាណិជ្ជកម្ម, ពិពិធកម្ម និងពង្រីកការចិញ្ចឹមសត្វ និងកែច្នៃផលិតផលបសុសត្វស្របតាមក្របខណ្ឌនៃផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍបសុសត្វឆ្នាំ២០១៦-២០២៥ និង ទី២.លើកកម្ពស់សុខភាពបសុសត្វ និង ពង្រីកហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់ តម្លៃប្រកបដោយភាតរៈបរិស្ថាន។

៤៖ គម្រោងសុខភាពតាមតំបន់ព្រំដែនក្នុងមហាអនុតំបន់មេគង្គ មានគោលបំណងលើកកម្ពស់ការ ទទួលបាន សេវាសុខាភិបាលរបស់ប្រជាជនដែលរស់នៅតាមព្រំដែន និងប្រជាជនចំណាកស្រុក ឆ្លងកាត់ព្រំដែនមួយចំនួន ដោយផ្តោត ជាចម្បងលើការពង្រឹងគុណភាពនៃការផ្តល់ សេវាសុខា ភិបាល និង ការគាំពារហិរញ្ញវត្ថុសម្រាប់សេវាថែទាំសុខភាពជូនប្រជាជនចំណាកស្រុក។

៥៖ កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែង-អនុកម្មវិធីទី១ មានគោលបំណងជំរុញ ប្រសិទ្ធភាពពាណិជ្ជកម្ម និងភាពប្រកួតប្រជែងនៅកម្ពុជា ដោយផ្តោតជាចម្បងលើកត្តាចំនួន ៣ មានជាអាទិ៍ៈ ទី១.ការលើកកម្ពស់បរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ច, ទី២.ជំរុញការរីកលូតលាស់នៃសហគ្រាសខ្នាតតូច និងមធ្យម, និង ទី៣.កែលម្អគោលនយោបាយ ពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។

៦៖ គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សា មានគោលបំណងលើក កម្ពស់គុណភាព និងប្រសិទ្ធភាពការអប់រំថ្នាក់មធ្យមសិក្សាទុតិយភូមិ ដោយផ្តោតជាចម្បងលើ កត្តាចំនួន ៣ មានជាអាទិ៍ៈ ទី១. ការពង្រីកវិសាលភាពនៃការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិតាមស្តង់ដារ និងប្រកបដោយសម ធម៌, ទី២.ការពង្រឹងគុណភាព នៃការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និង ទី៣.ការលើកកម្ពស់ស្ថាប័នក្នុងការធ្វើផែនការ, ការគ្រប់គ្រង និងការបង្រៀន។

​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​បានមានប្រសាសន៍រំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការ ADB ដែលបាន ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤.៧៧ប៊ីលានដុល្លារ អាមរិក ដែលក្នុងនោះឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,២០ ប៊ីលានដុល្លារ អាមេរិកសម្រាប់អនវុត្តគម្រោង/កម្មវិធីចំនួន ១៣០ និងហិរញ្ញ​ប្បទានឥតសំណងមានទឹកប្រាក់ សរុបចំនួនប្រមាណ ៥៦៨.៤៥លានដុល្លារអាមរិកសម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ៦៩។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការផ្តល់ហិរញ្ញប្បទាន សហ ប្រតិ-បត្តិការរបស់ ADB និង AFD ដែលបាន និងកំពុងរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅ កម្ពុជា និងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍កាន់តែសំខាន់ ហើយអាចក្លាយខ្លួនជាដៃគូអភិវឌ្ឍន៍ ពហុភាគីធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា​៕