(ប៉េកាំង)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ ២០២២ បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានជួបសមភាគីចិន លោក Wang Yi នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ (២១ ធ្នូ) បន្ទាប់ពីមានសារឆ្លងឆ្លើយរវាងមេដឹកនាំ នៃប្រទេសទាំងពីរ ខណៈដែលដៃគូពាណិជ្ជកម្មសំខាន់ៗ ស្វែងរកការស្តារទំនាក់ទំនងឡើងវិញដែលមានស្ថេរភាព។
ទំនាក់ទំនងរវាងប្រទេសអូស្ត្រាលី និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនបានធ្លាក់ចុះក្នុងប៉ុន្មាន ឆ្នាំថ្មីៗនេះ ដោយប្រទេសចិនបានដាក់ទណ្ឌកម្មលើការនាំចេញរបស់អូស្ត្រាលី បន្ទាប់ពីទីក្រុងកង់ បេរ៉ាបានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិមួយ អំពីប្រភពដើមនៃវីរុសកូរូណា (កូវីដ១៩)។
លោកស្រី Wong បានប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំថា ពួកគេបានពិភាក្សាពីការ ធ្វើពាណិជ្ជកម្ម សិទ្ធិមនុស្ស ជនជាតិអូស្ត្រាលីពីរនាក់ដែលត្រូវបានឃុំខ្លួន ក៏ដូចជាច្បាប់ និងបទដ្ឋាន សកលដែលគាំទ្រដល់សន្តិសុខ និងវិបុលភាព។
លោកស្រីបាននិយាយថា «យើងមានទស្សនៈខុសៗគ្នាអំពីរបៀបដែលប្រព័ន្ធនយោបាយរបស់យើងគួរដំណើរការ ហើយយើងមានផលប្រយោជន៍ខុសៗគ្នា ប៉ុន្តែយើងត្រូវស្វែងរកការគ្រប់គ្រងភាពខុស គ្នាទាំងនោះ»។
លោកស្រីបាននិយាយទៀតថា លោកស្រីបានស្នើឱ្យមាន «ការពិភាក្សាដែលមានរចនាសម្ព័ន្ធបន្ថែមទៀត» រួមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មនិងសេដ្ឋកិច្ច។
សេចក្តីថ្លែងការណ៍លទ្ធផលរួម ដែលចេញផ្សាយដោយអូស្ត្រាលីបាននិយាយថា ភាគីទាំងពីរបាន យល់ព្រម «ចាប់ផ្តើមកិច្ចសន្ទនាឡើងវិញ» លើបញ្ហាពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការប្រែប្រួលអាកាស ធាតុ និងបញ្ហាតំបន់ និងអន្តរជាតិ៕