មនុស្ស៣នាក់ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនក្រោយធ្វើសកម្មភាពលួចស្ទូចយករថយន្ដអ្នកដទៃ ដែលចតទុកនៅមុខផ្ទះ


 (ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងនោះម្នាក់ជាម្ចាស់ការ៉ាឡាន ដែលពាក់ព័ន្ធសកម្មភាពលួចស្ទួចរថយន្ដរបស់អ្នកដទៃ ដែលចតទុកនៅមុខផ្ទះ ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះថា នៅយប់ថ្ងៃទី១៧ ខែធ្នូ មានប្រជាពលរដ្ឋមកដាក់ពាក្យបណ្ដឹងថា មានជនសង្ស័យ២នាក់ ជិះរថយន្ត១គ្រឿង ម៉ាក PRIUS ពណ៌ខ្មៅ ប្រដាប់ដោយអាវុធខ្លី១ដើម បានហៅឡានស្ទូចមកលួចស្ទូចឡានរបស់គាត់ ម៉ាក DODGE CHALLENGER ពណ៌ខ្មៅ (បច្ចុប្បន្ននេះបិតពណ៌ស) ពាក់ស្លាកលេខកម្ពុជា-HEAXING5 ដែលចតទុកនៅមុខផ្ទះ ដោយសាររថយន្តនេះខូតផ្នែកខាងមុខ ដោយការបុកប៉ះ (គ្រោះថ្នាក់ចរាចរណ៍) ដើម្បីរងចាំគ្រឿងបន្លាស់ផ្លាស់ប្ដូរ។

ក្រោយទទួលបានព័ត៌មាន លោកបានបញ្ជាកម្លាំងធ្វើស្រាវជ្រាវយ៉ាងយកចិត្តដាក់ឃាត់បានតៃកុងឡានស្ទូច ចំនួន២នាក់ រួចក៏បន្ដសហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិកស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និងម្ចាស់ការ៉ាសឡានម្នាក់ យកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរនាំតាមនីតិវិធីជំនាញ៕