(ក្រចេះ)៖ ឆ្លងចរន្តអគ្គីសនីបណ្តាលឱ្យឆាបឆេះផ្ទះអាជីវករមួយល្វែង មានទំហ៊ុំ ៥ម៉ែត្រ គុណ៣៥ ម៉ែត្រ កម្ពស់៣ជាន់ ខូចខាតប្រហែល ៤០% និងឆេះឃ្លាំងដាក់សម្ភារ ទំហ៊ុំ៥ម៉ែត្រ គុណ៣០ម៉ែត្រ ធ្វើអំពីដែកប្រក់ស័ង្កសី នៅចំណុចផ្សារស្នួល ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ នៅវេលាម៉ោង១០:០០នាទីយប់ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់រងគ្រោះឈ្មោះ ម៉ន ចន្ធូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ពៅ ដាលីន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។
សម្ភារៈខូចខាតរួមមាន៖ ម៉ាស៊ីនបូមទឹកមួយចំនួនធំ, ទុយោបូមទឹកមួយចំនួនធំ, សំបកកងរថយន្ត គ្រប់ប្រភេទមួយចំនួនធំ, យ៉ាន់រថយន្តមួយចំនួនធំ, គ្រែយក្ស ចំនួន០១, គ្រឿងបន្លាស់រថយន្ត មួយចំនួនធំ, ធុងបាញ់ថ្នាំ មួយចំនួនធំ និងសម្ភារប្រើប្រាស់មួយចំនួនទៀត សរុបជាទឹកប្រាក់ចំនួន ៥០,០០០ដុល្លារ។
ករណីខាងលើនេះ កម្លាំងសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ៥គ្រឿង និងរថយន្តដឹក ទឹករបស់ក្រុមហ៊ុនចំការកៅស្នួលចំនួន ២គ្រឿង សរុបចំនួន៧គ្រឿង ដោយប្រើប្រាស់ទឹកសរុបអស់ ចំនួន ១៥រថយន្ត ទើបរលត់ទាំងស្រុងនៅវេលាម៉ោង ២៖៤៥នាទីឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២៕