(វ៉ាស៉ីនតោន)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ គឺ គណៈកម្មាធិការនៃសភាតំណាងរាស្រ្តអាមេរិក ដែលស៊ើបអង្កេតលើករណី កុបកម្មវាយប្រហារវិមានកាពីតូល កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានផ្ដលអនុសាសន៍ដល់ រដ្ឋអាជ្ញាសហព័ន្ធ នៅថ្ងៃចន្ទសប្តាហ៍នេះ ឲ្យចោទប្រកាន់លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក ពីបទឧក្រិដ្ឋចំនួន៤ ក្នុងនោះរួមមានទាំងការញុះញង់ឱ្យមានការបះបោរ។
សំណើរបស់គណៈកម្មាធិការខាងលើដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ទៅកាន់ក្រសួង យុត្តិធម៌អាមេរិកធ្វើឡើង បន្ទាប់ពីការសម្ភាស៍សាក្សី ជាង ១,០០០នាក់ និងការប្រមូលឯកសាររាប់ រយរាប់ពាន់ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់សភា សម្រាប់ការបញ្ជូនសំណុំរឿងអតីត ប្រធានាធិបតីលើ ការកាត់ទោសព្រហ្មទណ្ឌ។ គណៈកម្មាធិការបានស្នើឲ្យក្រសួងយុត្តិធម៌ចោទប្រកាន់ លោក ត្រាំ ពីបទឧក្រិដ្ឋកម្មដែលអាចកើត មានចំនួន៤ ដូចជាការរារាំងដំណើរការផ្លូវការរបស់សភា សមគំនិតក្នុងការក្លែងបន្លំ ធ្វើសេចក្តីថ្លែង ការណ៍មិនពិត ផ្តល់ជំនួយ ឬញុះញង់ឲ្យមានការបះបោរ។
ជុំវិញសំណើរនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌អាមេរិក បានបដិសេធមិនផ្តល់យោបល់ ខណៈអ្នក នាំពាក្យរបស់លោក ត្រាំ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ៕