(ភ្នំពេញ)៖ លោក យ៉ុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល បានថ្លែងកោតសរសើរចំពោះ ភាពជាប្រធានអាស៊ានរបស់កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២២ ដែលបាន ដឹកនាំកិច្ចប្រជុំ និងកិច្ចសន្ទនានានា បានយ៉ាងល្អឈានទៅរួមវិភាគទានដោះស្រាយបញ្ហាតំបន់ និងពិភពលោកប្រកបដោយភាពជោគជ័យ។
ការកោតសរសើរ និងអបអរសាទរទៅលើភាពជោគជ័យជាប្រធានអាស៊ាន របស់កម្ពុជានៅឆ្នាំ ២០២២ពីសំណាក់អគ្គនាយកសហព័ន្ធសន្តិភាពសាកល បានធ្វើឡើងក្នុងពេលរូបលោ អញ្ជើញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។
បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក យ៉ុន យ៉ុងហូ បានកោតសរសើរ និងស្ញប់ស្ញែងចំពោះភាពប៉ិនប្រសព្វផ្នែក នយោបាយការទូតរបស់សម្តេចតេជោ និងមន្ត្រីរបស់កម្ពុជា ដែលបានសម្របសម្រួលរៀបចំឱ្យ មានជំនួបសំខាន់ៗ ជាច្រើនក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំ២០២២ មានដូចជាកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន, រដ្ឋមន្ត្រីការបរទេស អាស៊ាន ក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុបជាដើម។
សម្រាប់លោក យ៉ុន យ៉ុងហូ តាមរយៈជំនួបសន្ទនាក្នុងវេទិកាអាស៊ាននេះ បានរួមចំណែកយ៉ាង សំខាន់ក្នុងការដោះស្រាយបញ្ហាតំបន់ និងលើពិភពលោក ដែលកំពុងមានស្មុគស្មាញនាពេល បច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការអបអរសាទរ និងកោតសរសើរ លើភាពជោគជ័យរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២នេះ។
សម្តេចតេជោ បានជម្រាបលោកអគ្គនាយកថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឆ្នាំ២០២២នេះ មានបញ្ហាក្តៅ និងចាក់ស្រេះជាច្រើន។ តែទោះជាយ៉ាងណា កិច្ចប្រជុំត្រូវបាន ប្រព្រឹត្តឡើង ដោយភាពល្អប្រសើរមិនមានការរាំងស្ទះ ឬការខ្វែងគំនិតណាមួយនោះឡើយ ហើយ ឯកសាររហូតដល់ទៅ១០១ ត្រូវបានប្រកាសចេញ ដោយមិនមានរាំងស្ទះ។
សូមបញ្ជាក់ថា នៅក្នុងជំនួបនេះ អគ្គនាយកសហព័ន្ធសន្តិភាពសកល ក៏បានជម្រាបសម្តេចតេជោ អំពីដំណើរកៀរគរការគាំទ្រលើធម្មនុញ្ញសន្តិភាពពិភពលោក និងគម្រោងសាងសង់សួនសន្តិភាព មេគង្គ។ លោកក៏បានស្នើសុំអនុសាសន៍មួយចំនួនពីសម្តេចតេជោ ហ៊ុន សែន លើការងារទាំងពីរ ខាងលើនេះផងដែរ។
ពាក់ព័ន្ធបញ្ហាការស្វែងរកកិច្ចគាំទ្រលើធម្មនុញ្ញសន្តិភាពពិភពលោកនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ឱ្យលោក យ៉ុន យ៉ុងហូ ស្វះស្វែងរកការគាំទ្រតាមទម្រង់ UPF+X ពោលត្រូវ ស្វែងរកការគាំទ្រពីតូចទៅធំ ពីតិច ទៅច្រើន។
សម្រាប់គម្រោងសាងសង់សួនសន្តិភាពមេគង្គវិញ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រ ហើយលើកទឹកចិត្តឱ្យសហព័ន្ធសន្តិភាពសកលខិតខំធ្វើការងារជាមួយប្រទេសដែលពាក់ព័ន្ធ។
សូមបញ្ជាក់ថា សហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) គឺជាបណ្តាញ នៃគ្រួសារ និងស្ថាប័នអន្តរជាតិ និង អន្តរសាសនា ដែលមានអ្នកតំណាងមកពីគ្រប់សាសនា រដ្ឋាភិ បាល សង្គមស៊ីវិល និងវិស័យឯកជន ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីរួបរួមគ្នាបង្កើត ពិភពលោកសន្តិភាពមួយ ហើយសមាជិកទាំងអស់ គឺជាសង្គមគ្រួសារមួយដែលអាចរស់នៅ និង ធ្វើការជាមួយគ្នាដោយសុខដុមរមនា មានវិបុលភាពរួមគ្នា និងចេះគោរពគ្នាទៅវិញទៅមក ក្រោម ការប្តេជ្ញាចិត្តរួមគ្នា ក្នុងកិច្ចសហប្រតិបត្តិការតាមរយៈអភិបាលកិច្ចល្អ។
សហព័ន្ធសន្តិភាពសកល បាននិងកំពុងធ្វើការជាមួយមេដឹកនាំទូទាំងសកលលោក ដែលមាន ឆន្ទៈបង្កើតសន្តិភាពរួមគ្នាសម្រាប់មនុស្សជាតិ។ សហព័ន្ធសន្តិភាពសកល មិនមែនជាគណ បក្សនយោបាយ ឬ ពាក់ព័ន្ធនយោបាយទេ ប៉ុន្តែផ្តល់តម្លៃលើតួនាទីដែលអ្នកដឹកនាំនយោបាយ ដើរតួក្នុងពិភពដ៏ស្មុគស្មាញន អភិបាលកិច្ច និងទំនាក់ទំនងអន្តរជាតិ។ សហព័ន្ធសន្តិភាពសកល មានបំណងលើកកម្ពស់សន្តិភាពជាសកលទៅហួសពីសាសនា ពូជសាសន៍ ប្រទេសជាតិ វប្បធម៌ និងនយោបាយជាដើម។
សហព័ន្ធសន្តិភាពសកល ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៥ ដោយលោកបណ្ឌិត Sun Myung Moon និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន។ លោកបណ្ឌិត Sun Myung Moon បានទទួល មរណៈភាព កាលពីឆ្នាំ២០១២។
សហព័ន្ធសន្តិភាពសកល បច្ចុប្បន្នដឹកនាំដោយលោកបណ្ឌិត Thomas G. Walsh ជនជាតិអាមេរិក ដែលមានស្នាក់ការកណ្តាលនៅទីក្រុង Washington សហរដ្ឋអាមេរិក។ សហព័ន្ធសន្តិភាពសកល មាន ឋានៈជាស្ថាប័នពិគ្រោះយោបល់ ជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិគឺ ក្រុមប្រឹក្សាសេដ្ឋ កិច្ច និងសង្គមរបស់ អង្គការសហប្រជាជាតិ (ECOSOC) និងមានការិយាល័យតំណាងរបស់ខ្លួននៅជាង ១២០ប្រទេស រួមទាំងនៅ កម្ពុជាផងដែរ។
សហព័ន្ធសន្តិភាពសកលមានទូតសន្តិភាពជាង ៥ម៉ឺននាក់ ដែលជាឯកអគ្គរាជ/រដ្ឋទូត មេដឹកនាំ សាសនា អ្នកដឹកនាំសង្គមស៊ីវិល ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលនៅជុំវិញ ពិភពលោក៕