(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា អាស៊ាន និងចិន ត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលមានលក្ខណៈ បើកចំហ តម្លាភាព ប្រកបដោយបរិយាបន្ន បំពេញបន្ថែម និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញ ទៅមក ខណៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាគំរូដ៏ល្អបំផុត មួយ នៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ ដែលផ្អែកលើវិធាននៃច្បាប់ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពិត ប្រាកដក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់។
ការគូសបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច បានអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ។
ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការជឿជាក់ថា កិច្ចសហប្រតិបត្តិការ អាស៊ាន-ចិន ដែលបាននិងកំពុងនឹងបើកទំព័រថ្មីមួយតាមរយៈការអនុវត្ត «ភាព ជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» និងការបង្កើត «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី៣.០» នឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ ឱ្យកាន់តែមាន សក្តានុពលប្រកបដោយថាមវន្តបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ថិតក្នុងបរិការណ៍នេះដែរ អាស៊ាន-ចិន ត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលមានលក្ខណៈ បើកចំហ តម្លាភាព ប្រកបដោយបរិយាបន្ន, បំពេញបន្ថែម និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅ មក។ តួយ៉ាងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាគំរូដ៏ល្អបំផុត មួយ នៃប្រព័ន្ធពាណិជ្ជកម្មបើកចំហប្រកបដោយបរិយាបន្ន ដែលផ្អែកលើវិធាននៃច្បាប់ និងឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តពិតប្រាកដរបស់យើង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់»។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អាស៊ាន-ចិន ត្រូវបន្ត និងបង្កើនកិច្ចខិតខំ ប្រឹងប្រែងលើកកម្ពស់នូវគំនិតផ្តួចផ្តើមថ្មី និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្សេងៗទៀត ដើម្បីចាប់ យកសក្តានុពលនៃកិច្ចអភិវឌ្ឍរបស់តំបន់ទាំងពីរឱ្យបានជាអតិបរមា។
សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់ចិន ក្នុងការរក្សាមជ្ឈភាព និងឯកភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវឌ្ឍ និងការលើកកម្ពស់ការសំយោគ ពង្រឹងគ្នាទៅវិញទៅមក ក្នុងចំណោមយន្តការដែលដឹកនាំដោយអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អាស៊ាន និងចិន ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត, ជាពិសេសលើការ ពន្លឿនការធ្វើសមាហរណកម្មសង្គម-សេដ្ឋកិច្ច, ការលុបបំបាត់របាំងពាណិជ្ជកម្ម, ការពង្រឹងភាពធន់ នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មក្នុងតំបន់ ព្រមទាំងការចាប់យកនូវកាលានុវត្តភាពថ្មីៗ ពីសេដ្ឋកិច្ច ឌីជីថល, កំណើនបៃតង, អន្តរកាលថាមពល និងការបង្កើនសមត្ថភាពសហគ្រាសមីក្រូ, ធុនតូច និងមធ្យម (MSMEs) ដែលត្រូវបានចាត់ទុកថាជាចន្ទល់កំណើនសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី, និងជាពិសេសការប្រកាន់ខ្ជាប់នូវអភិក្រមពហុភាគីនិយម ក្នុងការដោះស្រាយរាល់នូវបញ្ហានានា។
បន្ថែមពីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តថា អាស៊ាន-ចិន នឹងបន្តពូនជ្រុំលើ សមិទ្ធផល ដែលសម្រេចបានក៏ដូចជាលើកម្ពស់កិច្ចសហប្រតិបត្តិការនានា សំដៅលើកស្ទួយសុខ សន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកទាំងមូល និងសង្ឃឹមថាអ្នកបន្តវេន ជំនាន់ក្រោយនឹងបន្តស្មារតីរួបរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងលើកស្ទួយការអភិវឌ្ឍជាតិ និងតំបន់ដោយកសាងលើសមិទ្ធផល ដែលសម្រេចបានក្នុងពេលបច្ចុប្បន្ន៕