(អ៊ីស្លាម៉ាបាដ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា ប៉ូលីសខេត្តបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំណើរចំនួន ០៥នាក់បានស្លាប់ និង ២៨នាក់ផ្សេងទៀតបានរងរបួស ខណៈដែលរថយន្តក្រុង ដឹកអ្នកដំណើរបានជួបគ្រោះថ្នាក់ក្រឡាប់នៅខេត្ត Kunduz ភាគខាងជើង នៃប្រទេសអាហ្វហ្គា នីស្ថាននៅថ្ងៃអាទិត្យនេះ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅជាយទីរួមខេត្ត Kunduz ទាំងព្រឹកព្រលឹម ដោយសារតែ ការបើកបរមិនប្រុងប្រយ័ត្ន។ ក្នុងចំណោមជនរងគ្រោះដែលបានបាត់បង់ជីវិតមានទាំងស្រី និងកុមារ ខណៈអ្នកខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ដោយបញ្ជាក់ពីគ្រោះថ្នាក់នេះ ប្រធានផ្នែកព័ត៌មាន និងវប្បធម៌ខេត្ត លោក Matiullah Rohani បានប្រាប់អ្នកសារព័ត៌មានថា អ្នកធ្វើដំណើរដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បី ព្យាបាល៕