ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សម្រេចលុបចោលបំណងធ្វើទស្សនកិច្ចលើកទី៣ នៅមីយ៉ាន់ម៉ា

 (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិនៃកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានសម្រេចលុបចោលបំណងទៅធ្វើទស្សនកិច្ចលើកទី៣ នៅប្រទេសមីយ៉ាន់ម៉ា។

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះថា ការលុបចោលដំណើរទស្សនកិច្ច របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដោយសារតែជាប់រវល់នឹងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន និងសហភាពអឺរ៉ុប។

ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែមានឧបសគ្គពេលវេលា ជាពិសេសកិច្ច ប្រជុំកំពូលរំលឹកខួបអាស៊ាន និងសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល នាពេលខាងមុខ។ លោកមិនអាចសម្រេចតាមផែនការ ដែលគ្រោងទុករបស់គាត់ឡើយ»

ឯកឧត្តម ប្រាក់ សុខុន ធ្លាប់បានបង្ហើបថា លោកគ្រោងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ជាលើក ទី៣ នៅខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តម ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២២។ ចំណែកឯទស្សនកិច្ចលើកទី១ បានធ្វើឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២២៕