(វ៉ាស៉ីនតោន)៖ យោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងរៀបចំបញ្ជូនកញ្ចប់ជំនួយយោធាចំនួន ២៧៥លាន ដុល្លារឲ្យដល់អ៊ុយក្រែន ដើម្បីបង្កើនសមត្ថភាពកម្ចាត់យន្តហោះដ្រូន និងពង្រឹងការការពារដែន អាកាស។
តាមរបាយការណ៍និងមន្រ្តីអាមេរិក កញ្ចប់ជំនួយថ្មីអាចត្រូវបានប្រកាសនៅថ្ងៃសុក្រនេះ ប៉ុន្តែព័ត៌មាន លម្អិតអំពីប្រភេទឧបករណ៍ប្រឆាំងយន្តហោះដ្រូន និងប្រព័ន្ធការពារដែនអាកាស នៅមិនអាច កំណត់បានឡើយ។ គេរំពឹងថា មន្ទីរបញ្ចកោណក៏នឹងរួមបញ្ចូលប្រព័ន្ធបាញ់មីស៉ីល HIMARS ដែលផលិតដោយក្រុមហ៊ុន Lockheed Martin Corp គ្រាប់រំសេវ ១៥៥មីលីម៉ែត្រ រថយន្តយោធា Humvee និងម៉ាស៊ីនភ្លើង ផងដែរ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើកញ្ចប់ជំនួយនោះទេ។ ខ្លឹមសារនិងទំហំនៃកញ្ចប់ជំនួយ អាចផ្លាស់ប្តូររហូតដល់ប្រធានាធិបតីចុះហត្ថលេខា។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានបញ្ជូនជំនួយផ្នែកសន្តិសុខសរុប ដែលមានតម្លៃប្រហែល ១៩.១ ពាន់លានដុល្លារទៅកាន់ទីក្រុងកៀវ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីថ្ងៃ ទី២៤ ខែកុម្ភៈ៕