រាជរដ្ឋាភិបាល ពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ជូនពលរដ្ឋរស់នៅក្នុងសំណង់អគារបុរីកីឡា

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរពី សុខទុក្ខប្រជាពលរដ្ឋ ដោយផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខផ្លូវចិត្ត ក្នុងការរស់នៅប្រចាំថ្ងៃ មិនតែ ប៉ុណ្ណោះ បានជំរុញឲ្យមន្រ្តីថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់មើលថែប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឲ្យបានល្អ និងស្មោះត្រង់ថែមទៀត។

ផ្តើមចេញពីការគិតគូរនេះហើយ ទើបរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានពន្លឿន ដល់ការធ្វើប័ណ្ណកម្មសិទ្ធស្របច្បាប់ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែល កំពុងរស់នៅក្នុង អគារបុរីការឡាទាំងអស់ ដើម្បីផ្តល់ភាពកក់ក្តៅ និងអាចយកទៅប្រើប្រាស់ជា ប្រយោជន៍ សម្រាប់បម្រើដល់ជីវភាពប្រចាំថ្ងៃ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរចុះពិនិត្យ និងសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នាឱកាសចុះពិនិត្យស្ថានភាពជាក់ស្តែង ស្ថានភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡានោះ ឯកឧត្តម ឃ្លាំង ហួត បានអះអាងថា គោលនយោបាលរបស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺចង់ឲ្យប្រជាពលរដ្ឋ មានលំនៅដ្ឋានពិតប្រាកដបានរស់នៅសមរម្យគ្រប់គ្នា និងត្រឹមត្រូវតាម ច្បាប់ មិនមានគោលការណ៍ណាមួយបណ្តេញប្រជាពលរដ្ឋ ចេញពីលំនៅដ្ឋានដូចការលើកឡើង របស់ពួកអមិត្តមួយចំនួន ដើម្បីប្រយោជន៍នយោបាយរបស់បក្សពួកគេនោះទេ។

ឯកឧត្តម ឃ្លាំង ហួត បានបញ្ជាក់ជូនប្រជាពលរដ្ឋក្នុងតំបន់បុរីកីឡាថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំចេញប័ណ្ណកម្មសិទ្ធស្របច្បាប់ជូនដែលកំពុងរស់នៅក្នុងសំណង់អគារបុរីកីឡាទាំងអស់ ក្នុងពេលខាងមុខនេះ។ សូមឲ្យប្រជាពលរដ្ឋមានការស្ងប់ចិត្ត និងកុំជឿលើការញុះញង់របស់ពួក ខិល ខូចដើរឃោសនាថាអាជ្ញាធរគ្រោងនឹងវិនិយោគសំណង់អគារខាងលើនេះឲ្យទៅក្រុមហ៊ុនឯកជន។

គួរបញ្ជាក់ថា តំបន់បុរីកីឡាមានចំនួន៨អគារ ដែលមានប្រជាពលរដ្ឋ សរុបចំនួន១,៣៩២គ្រួសារ កំពុងរស់នៅដែលមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិលំនៅដ្ឋាន (ប្លង់រឹង) នៅឡើយ ដែលពេលនេះ រាជរដ្ឋាភិបាលកំពុងពិនិត្យ ដើម្បីសម្រេចធ្វើប័ន្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ដែលអាចយក ទៅប្រើប្រាស់បានតាមតម្រូវការជាក់ស្តែងរៀងៗខ្លួន៕