សហរដ្ឋអាមេរិក ថាចិនចង់មានស្ថិរភាពទំនាក់ទំនងជាមួយវ៉ាស៊ីនតោន ក្នុងរយៈពេលខ្លី


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ ២០២២ អោយដឹងថា អ្នកសម្របសម្រួលកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៃសេតវិមាន លោក ឃឺត ខាំបែល (​Kurt Campbell) បាននិយាយថាក្នុងរយៈពេលខ្លី ចិនចង់ធ្វើឱ្យមានស្ថិរភាពទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិកខណៈទីក្រុងប៉េកាំងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមសេដ្ឋកិច្ចនៅក្នុងស្រុក និងភាពតានតឹងជាមួយប្រទេសក្បែរខាងមួយចំនួនរបស់ខ្លួន។

ថ្លែងនៅក្នុងវេទិកាសន្តិសុខរៀបចំឡើងដោយវិទ្យាស្ថាន Aspen ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃ ព្រហស្បតិ៍សប្ដាហ៍នេះ លោក ខាំបែល បានសង្កត់ធ្ងន់ថាបច្ចុប្បន្ន ក្រៅតែពីបញ្ហាប្រឈមនៅក្នុង ស្រុក ចិនក៏កំពុងមានភាពតានតឹងជាមួយប្រទេសក្បែរខាងមួយចំនួនដែរ ដោយលោកចង់សំដៅទៅ លើបញ្ហាជម្លោះទឹកដីជាមួយ ជប៉ុន និងឥណ្ឌាតែម្ដងដែលបាន និងកំពុងបង្កផលប៉ះពាល់ដល់យុទ្ធ សាស្ត្រការទូតចិននៅក្នុងតំបន់អាស៊ី។ លោក ខាំបែល បានបន្ថែមថាដោយសារតែបែបនេះ ហើយ ទើបចិនចង់មានស្ថិរភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ក្នុងរយៈពេលខ្លី ហើយនេះក៏ជាអ្វីដែល ទីក្រុងវ៉ាស៊ីនតោនចង់បានដូចគ្នាដែរ។

គួរបញ្ជាក់ថា បើតាមលោក ឃឺត ខាំបែល (​Kurt Campbell) នៅរយៈពេលប៉ុន្មានខែខាងមុខ ពិភព លោកនឹងបានឃើញនូវការវិវត្តមួយចំនួននៃទំនាក់ទំនង ដែលស្ថិតនៅក្នុងលក្ខណៈអាចព្យាករបាន រវាងសហរដ្ឋអាមេរិក និងចិន៕