(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពី «សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ និងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្ម តាមអនឡាញ (E-Filing)» សម្រាប់សហគ្រាសអ្នកជាប់ពន្ធមធ្យម ដែលបានចុះបញ្ជីពន្ធដារថ្មីៗ ក្រោមអធិបតីភាពរបស់លោក លីម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការពន្ធដារពាក់ព័ន្ធ ព្រមទាំងតំណាងសហគ្រាស ប្រមាណ ២០០នាក់។
លោក លីម ដឺលុច បានថ្លែងថា នៅក្នុងកម្មវិធីបើកសិក្ខាសាលា ដោយបានលើកឡើង អំពីសារ សំខាន់នៃការរៀបចំសិក្ខាសាលានេះ គឺជាការផ្តល់សេវាបណ្តុះបណ្តាល ដែលជាផ្នែកមួយដើម្បី រួមចំណែកខ្ពស់ក្នុងការពង្រឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធ សម្រាប់សហគ្រាស ដែលទើបបានចុះ បញ្ជីពន្ធដារជាស្ថាពរ។
លោកអគ្គនាយករង ក៏បានលើកឡើងថា ម្ចាស់សហគ្រាសត្រូវមានកាតព្វកិច្ចដាក់ប្រកាសពន្ធ និង បង់ពន្ធប្រចាំខែ និងប្រចាំឆ្នាំដោយអនុលោមទៅតាមបទប្បញ្ញត្តិ ស្តីពីពន្ធដារឱ្យបានទាន់ពេលវេលា ដើម្បីចៀសវាងទទួលរងនូវការផាកពិន័យ និងទោសទណ្ឌផ្សេងៗ។
លើសពីនេះ លោកអគ្គនាយករង ក៏បានលើកឡើងពីមន្រ្តីពន្ធដារ ដែលជាអ្នកអនុវត្តច្បាប់ ត្រូវដឹង អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ដើម្បីអនុវត្តច្បាប់ឱ្យមានតម្លាភាពទាំងអ្នកជាប់ពន្ធ និងមន្រ្តីពន្ធ ដារ។ លោកអគ្គនាយករង បានមានប្រសាសន៍ថា នាពេលខាងមុខ អគ្គនាយកដ្ឋានពន្ធដារ គ្រោង នឹងតភ្ជាប់ប្រព័ន្ធជាមួយក្រសួងការងារ ដើម្បីសម្រួលដល់ការប្រកាសពន្ធលើប្រាក់បៀវត្សរបស់ សហគ្រាស។
ម្យ៉ាងវិញទៀត បុគ្គលិកក៏អាចប្រើប្រាស់កម្មវិធីគណនាពន្ធ លើប្រាក់បៀវត្ស (GDT Salary Tax App) ក្នុងការគណនាពន្ធលើប្រាក់បៀវត្សរបស់ខ្លួនផងដែ លោកអគ្គនាយករង បានជូនដំណឹងដល់ សិក្ខាកាមទាំងអស់អំពី កម្មវិធីវិបស្សនាស្តីពីវឌ្ឍនភាព នៃប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់ផ្តល់សេវា តាមអនឡាញ (E-Tax Services)។ ការរៀបចំវិបស្សនានេះក្នុងគោលបំណងទទួលបាននូវធាតុចូល និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹង ការប្រើប្រាស់ប្រព័ន្ធ (E-Tax Services) របស់អ្នកប្រើប្រាស់។
លោកក៏បានស្នើដល់សិក្ខាកាមទាំងអស់ឱ្យចុះឈ្មោះចូលរួមក្នុងកម្មវិធីនេះ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ ហ្គាឌិនស៊ីធី។
ជាមួយគ្នានេះ លោកអគ្គនាយករង បានអំពាវនាវឱ្យអ្នកជាប់ពន្ធទាំងអស់ ចូលរួមផ្សងសំណាង តាមរយៈការប្រើប្រាស់ កម្មវិធីវិក្កយបត្រនាំសំណាងរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT Lucky Draw) ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ ពីអគ្គនាយកដ្ឋានពន្ធដារដោយគ្រាន់តែបញ្ចូល (Upload) វិក្កយបត្រដែលលោក-លោកស្រីទទួលបាននៅពេលទិញទំនិញឬសេវា៕