ឯកឧត្តម ឃួង ស្រេង លើកឡើងថា ការផ្លាស់ប្ដូរទស្សនទានរបស់តំណាងរាជធានី-រដ្ឋធានីអាស៊ាន បញ្ជាក់ពីការ ប្ដេជ្ញាចិត្តដ៏រឹងមាំរួមគ្នា ឆ្ពោះទៅសម្រេចការកសាងសហគមន៍អាស៊ានឲ្យកាន់តែស្អិតរមួត លើគ្រប់វិស័យ

 (ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការផ្លាស់ប្ដូរទស្សន ទាន តាមរយៈការធ្វើបទបង្ហាញរបស់តំណាងរាជធានី-រដ្ឋធានីអាស៊ាន និងការចូលរួមមតិយោបល់ ពិភាក្សាគ្នា បានគូសបញ្ជាក់យ៉ាងច្បាស់អំពីការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់យើងទាំងអស់គ្នា ក្នុងការរួម គ្នាឆ្ពោះទៅសម្រេចការកសាងសហគមន៍អាស៊ានមួយ ដែលកាន់តែមានភាពស្អិតរមួតលើគ្រប់ វិស័យ។

ការថ្លែងរបស់ឯកឧត្តម ឃួង ស្រេង ត្រូវបានធ្វើឡើងក្នុងឱកាសបិទកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងស្អាត មានភាពធន់ និងមានចីរភាព» នាល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ ដែល រដ្ឋបាលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានអះអាងទៀតថា ភាពស្អិតរមួតលើទំនាក់ទំនងរបស់សហគមន៍អាស៊ាន មិនថានៅកម្រិតថ្នាក់ជាតិ ឬកម្រិតថ្នាក់ក្រោមជាតិ ដើម្បីប្រជាជាតិអាស៊ាន ប្រជាជននៃបណ្ដារាជ ធានី-រដ្ឋធានី តាមរយៈការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ពោលគឺសមស្រប ទៅនឹងមូលបទ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ដែលទើបកន្លងផុតទៅថ្មីៗនេះ គឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។

បើតាមឯកឧត្តម ឃួង ស្រេង, ក្នុងកិច្ចប្រជុំពិភាក្សានេះ អភិបាលរាជធានី-រដ្ឋធានីអាស៊ាន បាន សម្រេចនូវការពិភាក្សា ផ្លាស់ប្ដូរយោបល់ និងអនុសាសន៍ដ៏គាប់ប្រសើរប្រកបដោយផ្លែផ្កា ហើយ អាចនិយាយបានថា កិច្ចប្រជុំនេះបានក្លាយជាវេទិកាដ៏មានខ្លឹមសារ ដែលអនុញ្ញាតឲ្យភាគីទាំង អស់ចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ ជុំវិញការអភិវឌ្ឍរាជធានី រដ្ឋធានី និង ទីក្រុង និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងភាគីពាក់ព័ន្ធដើម្បីកំណើនសេដ្ឋកិច្ច និងវិបុលភាពរួមរបស់អាស៊ាន។

ជាក់ស្តែង ក្នុងកិច្ចប្រជុំបានអនុម័ត និងចុះហត្ថលេខារួមគ្នាលើសេចក្តីប្រកាស ដែលមានខ្លឹមសារ ចំនួន៦ចំណុច ដោយបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិ
ការ នៃបណ្ដារាជធានី-រដ្ឋធានីទាំង១០ នៃប្រទេសជាសមាជិកអាស៊ាន ពោលគឺមជ្ឈភាពរាជធានី-រដ្ឋធានីអាស៊ាន គឺជាកម្លាំងចលករដ៏ចម្បង ដើម្បីឈានទៅសម្រេចបានកំណើន និងវិបុលភាពរួម នៃប្រទេសក្នុងតំបន់។

អភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ប្រសិនបើយើង រក្សាបានស្មារតីសាមគ្គីភាព ឯកភាព និងកិច្ចសហប្រតិបត្តិការល្អ នោះយើងក៏អាចរួមគ្នាដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមនានាសម្រាប់គ្រួសាររាជធានី-រដ្ឋធានីអាស៊ានយើង ប្រកបដោយប្រសិទ្ធ ភាព និងប្រសិទ្ធផលខ្ពស់។

រាជធានីភ្នំពេញ មានជំនឿជឿជាក់យ៉ាងមុតមាំថា រដ្ឋធានីហ្សាការតា នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលត្រូវទទួលតំណែងជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ ២០២៣» ខាងមុខនេះ នឹងបន្តដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ នៃប្រទេសជាសមាជិកអាស៊ាន ដើម្បី សម្រេចបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ដូចអ្វីដែលយើងកំពុងខិតខំរួមគ្នាសម្រេចបានក្នុង ថ្ងៃនេះ។

សូមជម្រាបថា នៅថ្ងៃទី០២ និងទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើជាម្ចាស់ ផ្ទះកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន និងវេទិការកិច្ចប្រជុំអភិបាលក្រុងអាស៊ាន។ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន គឺជាវេទិកាមួយសម្រាប់អភិបាលរាជធានី និងរដ្ឋ ធានីអាស៊ានទាំង១០ ដើម្បីលើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងដែលអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវត្តល្អៗ ក៏ដូចជាទស្សនៈល្អៗសម្រាប់ ការកសាងសហគមន៍អាស៊ាន៕