ជប៉ុនផ្តល់ថវិកា ១៧១,៦៤១ដុល្លារ សម្រាប់ការសាងសង់អគារសិក្សា នៅសាលាមត្តេយ្យសិក្សា និងអនុវិទ្យាល័យ


 (ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១៧១,៦៤១ ដុល្លារអាមេរិក ដល់ ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដោយ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយទំាងពីរ ដើម្បីអនុវត្តគម្រោងដូចតទៅ៖

១៖ គម្រោងសាងសង់អគារសិក្សា នៅសាលាមត្តេយ្យសិក្សាបណ្តុះកុមារ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង(ថវិកាចំនួន ៧៩,៤៦៥ ដុល្លារអាមេរិក)។

ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ក្នុងគម្រោងនេះ អគារមត្តេយ្យ សិក្សាចំនួន១ខ្នង ២បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម មត្តេយ្យសិក្សា បង្គន់អនាម័យចំនួន១ខ្នង ២បន្ទប់ និងកន្លែងលាងដៃចំនួន១ នឹងត្រូវបានសាងសង់នៅសាលាមត្តេយ្យសិក្សាបណ្តុះកុមារ ក្នុងខេត្តបាត់ដំបង។

ជាមួយគ្នានេះដែរ របងនិងខ្លោងទ្វារ សាលាមត្តេយ្យសិក្សា សម្ភារៈសួនកុមារ និងស៊ីទែនទឹកចំនួន១ នឹងត្រូវបានដំឡើង ហើយទីធ្លាសាលាមត្តេយ្យសិក្សាមួយផ្នែកនឹងត្រូវបានចាក់សាប។ នៅសាលាមត្តេយ្យសិក្សានេះ សិស្សដែលមានអាយុពី៣ ទៅ៥ឆ្នាំ សិក្សានៅក្នុងបន្ទប់រៀនដែលមាន សិស្សច្រើនកកកុញ ដោយសារកង្វះខាតហេដ្ឋារចនាសម្ព័ន្ធសាលារៀន ដែលអាចបង្កឱ្យមានផល ប៉ះពាល់អវិជ្ជមានដល់ការគ្រប់គ្រងថ្នាក់រៀន និងការលើកទឹកចិត្តក្នុងការសិក្សា។ រំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សមត្តេយ្យចំនួន ១០០នាក់ និងគ្រូបង្រៀនចំនួន ៥នាក់ តាមរយៈការកែលម្អបរិស្ថានសិក្សា និងគុណភាពនៃការអប់រំ។

២៖ គម្រោងសាងសង់អគារសិក្សា នៅអនុវិទ្យាល័យតានីក្នុងស្រុកស្រែអំបិល ខេត្តកោះកុង (ថវិកាចំនួន ៩២,១៧៦ ដុល្លារអាមេរិក) ។

ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ក្នុងគម្រោងនេះ អគារសិក្សាចំនួន១ ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមសាលារៀន បង្គន់អនាម័យចំនួន១ខ្នង ៤បន្ទប់ និងអណ្តូង ទឹកចំនួន១ នឹងត្រូវបានសាងសង់នៅអនុវិទ្យាល័យតានី ក្នុងខេត្តកោះកុង។ បច្ចុប្បន្ននេះ សិស្សា នុសិស្សនៅសាលានេះ ជួបការលំបាកក្នុងការសិក្សា ដោយសារអគារសិក្សាឈើចាស់ និងគ្រឿង សង្ហារឹម មានសភាពទ្រុឌទ្រោម។ គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សា ដែល មានសុវត្ថិភាព និងផាសុកភាពជាងមុន ហើយរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ ដល់សិស្ស សរុបចំនួន ៧២នាក់ និងគ្រូបង្រៀនចំនួន ៧នាក់ តាមរយៈការកែលម្អគុណភាពនៃការអប់រំ។

សូមជម្រាបថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយ ចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ ប្រជាសហគមន៍។

ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៥លានដុល្លារអាមេរិកដល់អាជ្ញា ធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៦៦៥គម្រោង នៅទូទាំងប្រទេសកម្ពុជា៕