(ប៉េកាំង)៖ យោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២ ងោយដឹងថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EU) លោក ឆាឡេស មីកឆែល (Charles Michel) បានជំរុញដល់ប្រធានា ធិបតីចិន លោក ស៉ី ជិនពីង ឲ្យប្រើប្រាស់ «ឥទ្ធិពល» លើរុស្ស៉ីជុំវិញសង្រ្គាមអ៊ុយក្រែន។
ថ្លែងចេញពីទីក្រុងប៉េកាំង លោក មីកឆែល បានកត់សម្គាល់ថា «បញ្ហាសង្រ្គាមបានធ្វើឲ្យយើង ចំណាយពេលច្រើនក្នុងកិច្ចប្រជុំរយៈពេល៣ម៉ោង ដែលមានការពិភាក្សាគ្នាស្តីពីពាណិជ្ជកម្ម អាកាស ធាតុ សិទ្ធិមនុស្ស ការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ តំបន់ស៉ីនជាំង និងកោះតៃវ៉ាន់ ផងដែរ។ ខ្ញុំបានជំរុញដល់លោកប្រធានាធិបតី ស៉ឺ ដូចដែលយើងបានធ្វើនៅក្នុងកិច្ចប្រជុំកំពូល EU-ចិន កាលពីខែមេសា ឲ្យប្រើឥទ្ធិពលរបស់លោកលើប្រទេសរុស្ស៊ី ឲ្យគោរពធម្មនុញ្ញរបស់អង្គការសហ ប្រជាជាតិ»។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន CCTV លោក ស៉ី បានប្រាប់ លោក មីកឆែល ថា ប្រទេសចិន នឹងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការសម្របសម្រួលជាមួយសហភាពអឺរ៉ុប។ លោក ស៉ី បានគូសបញ្ជាក់ថា «ចិននៅតែបើកចំហចំពោះក្រុមហ៊ុនអឺរ៉ុប ហើយសង្ឃឹមថា EU អាចលុបបំបាត់ការ ជ្រៀតជ្រែកក្នុងការផ្តល់បរិយាកាសធុរកិច្ច ដោយយុត្តិធម៌ និងតម្លាភាពសម្រាប់ក្រុមហ៊ុនចិន»៕