(ភ្នំពេញ)៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ បានចែករំលែកនូវអនុសាសន៍សំខាន់ៗចំនួន៥ចំណុច ដើម្បីចូលរួមផ្តល់ជាធាតុចូលសម្រាប់ការ ពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន ឱ្យកាន់តែខ្លាំងថែមទៀត ក្នុងការកសាង និងតភ្ជាប់ ទីក្រុងអាស៊ាន ឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន ប្រកបដោយចីរភាព,បរិយាបន្ន និងភាព ធន់។
សម្តេចតេជោ ហ៊ុន សែន បានចែករំលែកអនុសាសន៍ដួចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុង អាស៊ាន ឆ្នាំ២០២២ (ASEAN Mayor Forum 2022) ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN A.C.T. Addressing Challenges Together) នៅសណ្ឋាគារសុខាភ្នំពេញ។
អនុសាសន៍សំខាន់ៗទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានី អាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ រួមមាន៖
ទី១៖ ត្រូវធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះចម្បង និងសំខាន់បំផុតសម្រាប់ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព
ទី២៖ គោលដៅចម្បងបំផុតនៃការកសាងទីក្រុង ឬប្រទេសមួយ គឺការលើកកម្ពស់គុណភាពរស់នៅ របស់ប្រជាជន ប្រកបដោយសុខុមាលភាព វិបុលភាព និងភាពធន់ ។ ស្ថិតក្នុងបរិការណ៍ដែល ពោរ ពេញទៅដោយភាពមិនប្រាកដប្រជាខ្ពស់ រដ្ឋបាលក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ត្រូវយកចិត្ត ទុកដាក់ទៅលើការកសាងទីក្រុងឆ្លាតដោយមានការគិតគូរអំពីការសម្រួលដល់ការផ្លាស់ប្ដូររបៀបរបបរស់នៅ តាមគន្លងប្រក្រតីភាពថ្មី និងការសម្របខ្លួនរបស់ប្រជាជន ទៅនឹងការផ្លាស់ប្តូរប្រជាសាស្ត្រ ឬការប្រែប្រួលណាមួយ ដែលអាចកើតមានឡើងទាំងពេលបច្ចុប្បន្ន និងអនាគត។
ទី៣៖ ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាពត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋបាលមូលដ្ឋាន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ និងអន្តរជាតិ និងជាពិសេសពី ប្រជាជន ដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង ។ ក្នុងន័យនេះរដ្ឋបាលក្រុង រាជធានី និងរដ្ឋធានី អាស៊ាន ដែលស្ថិតនៅជាប់ផ្ទាល់ជាមួយប្រជាជន ត្រូវលើកកម្ពស់ការយល់ដឹង និងសមត្ថភាពក្នុង មូលដ្ឋានរបស់ខ្លួន ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ព្រមទាំងការចាប់ផ្តើមយកចិត្តទុកដាក់លើ សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង ។ ជាមួយគ្នានេះរដ្ឋបាលក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ក៏ត្រូវបង្កបរិយាកាសងាយស្រួលដល់ការធ្វើការអាជីវកម្ម ធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងដោះស្រាយបញ្ហាចំពោះមុខផ្សេង ដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ទី៤៖ នៅក្នុងក្របខណ្ឌតំបន់ រដ្ឋបាលក្រុង រាជធានី និងរដ្ឋធានីអាស៊ានទាំងអស់ ត្រូវសហការគ្នា ក្នុងការជំរុញល្បឿន និងពង្រីកសក្តានុពលនៃការតភ្ជាប់ និងសមាហរណកម្មទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែខ្លាំងឡើង តាមរយៈការរួមគ្នាលើកកម្ពស់ឌីជីថលូបនីយកម្ម និង បរិវត្តកម្មឌីជីថល ដែល មានសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍនិង តភ្ជាប់គ្រប់វិស័យទាំងក្នុងប្រទេស និងតំបន់។
ទី៥៖ គម្លាតនៃការកសាងទីក្រុងឆ្លាត ក្នុងតំបន់ នឹងអាចកើតមានឡើងដោយសារនិន្នការរីកធំឡើង នៃគម្លាតបច្ចេកវិទ្យាឌីជីថល។ ក្នុងន័យនេះរដ្ឋបាលក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ត្រូវជំរុញ ឱ្យកាន់តែខ្លាំងថែមទៀតនូវវប្បធម៌ផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍ ជុំវិញការកសាង ទីក្រុងឆ្លាត ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឌីជីថល ក៏ដូចជាការធានាសុខសន្តិ សុខ ស្ថិរភាព និងសោភ័ណភាពទីក្រុង តាមរយៈការគ្រប់គ្រងទឹកស្អាត, អគ្គីសនី និងសំណល់ ប្រកបដោយប្រសិទ្ធភាព ។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យមានការតម្រឹម កិច្ចខិតខំប្រឹងប្រែងជាមួយ ការរៀបចំ និងជំរុញការអនុវត្តផែនការសកម្មភាពរួមគ្នាជាក់ស្តែង ដូចជា៖ ផែនការសកម្មភាពទីក្រុងឆ្លាត(SCAPs) ជាដើម ដើម្បីធានាបរិយាបន្នក្នុងតំបន់ យ៉ាងពិតប្រាកដ ។ សម្តេចក៏បានស្នើឱ្យរដ្ឋបាលមូលដ្ឋាន អាស៊ាន គាំទ្រដល់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែល កម្ពុជាបានស្នើឱ្យមានការរៀបចំឡើង ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ នេះសំដៅចូល រួមកសាងទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែមានភាពបៃតង និងការប្រើប្រាស់ធនធាន ប្រកបដោយ ប្រសិទ្ធភាពផងដែរ៕