លោកជំទាវបណ្ឌិត ម៉ែន សំអន លើកឡើងថា មន្ត្រីសុខាភិបាល ត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ពេទ្យ ដើម្បីរក្សាឲ្យបាននូវសុខុមាលភាព សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ


(ព្រះវិហារ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពីធីប្រគល់ និងទទួល សម្ភារ បរិក្ខាពេទ្យ ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តឃ្យូងសាងប៊ុកដូ នៃសាធា រណៈរដ្ឋកូរ៉េ តាមរយៈលោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្ត ខេត្តព្រះវិហារ ជូនដល់មន្ទីរពេទ្យ ១៦ មករា និងសំណេះសំណាល ជាមួយបុគ្គលិកសុខាភិបាល នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើសួរសុខទុក្ខ និងការ​នឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលក្តីនឹករលឹក និងការគីតគូរ​អំពីសុខទុក្ខមន្ត្រីរាជការ លោកស្រីក៏បានថ្លែងអំណរគុណដល់បុគ្គលិកសុខាភិបាលទាំងអស់ នៃខេត្ត ព្រះវិហារ ដែលបានយកចិត្តទុកដាក់ ជួយថែរក្សា ការពារ និងព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារ។

លោកជំទាវ បណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីសុខាភិបាល ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការគ្រប់គ្រងបានយ៉ាងល្អ ក្នុងការទប់ស្កាត់នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។

លោកជំទាវ ក៏បានថ្លែងអំណរគុណដល់លោកស្រី ហ៊ាង ដារ័ត្ន សួស យ៉ារ៉ា ដែលបានសម្រប សម្រួល ក្នុងការរៀបចំកម្មវិធី ដោយបានមានកិច្ចសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ដែលអាច ដំណើរការទៅបានដោយរលូន និងទទួលបានជោគជ័យ ជាពិសេសក៏សូមថ្លែងអំណរគុណដល់ក្រុម គ្រូពេទ្យស្ម័គ្រចិត្ត ខេត្តឃ្យូងសាងប៊ុកដូ នៃសាធារណៈរដ្ឋកូរ៉េ ជាម្ចាស់ជំនួយដែលតែងតែជួយដល់ រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។

លោកជំទាវ បណ្ឌិត ម៉ែន សំអន ក៏បានលើកទឹកចិត្ដដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ សូមបន្តសកម្មភាពព្យាបាលឲ្យបានត្រឹមត្រូវ ស្របតាមនិយាមសមត្ថភាពបច្ចេកទេស ស្តង់ដារ គុណភាព និងត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈពេទ្យខ្ពស់ ដើម្បីជួយថែរក្សាការពារ និងព្យា បាលជំងឺដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារ៕