(ព្រុចសែល)៖ យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២អោយដឹងថា សម្ព័ន្ធមិត្តរបស់អង្គការណាតូ (NATO) នៅថ្ងៃពុធសប្តាហ៍ នេះ បានរៀបចំសមយុទ្ធយោធាមួយ ដើម្បីសាកល្បងប្រព័ន្ធការពារដែនអាកាស និងមីស៊ីល នៅក្នុង ប្រទេសរ៉ូម៉ានី ប្រហែលមួយសប្តាហ៍ប៉ុណ្ណោះក្រោយពីមួយគ្រាប់មីស៉ីលធ្លាក់លើទឹកដីប៉ូឡូញ។
ទីបញ្ជាការដែនអាកាសរបស់សម្ព័ន្ធមិត្តណាតូ ក្នុងទីក្រុងរុំាស្ដែន (Ramstein) ស្ថិតនៅភាគលិច ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថាប្រព័ន្ធការពារដែនអាកាសបារាំង ដែលបានដាក់ពង្រាយទៅកាន់ ប្រទេសរូម៉ានី បានវាយប្រហារទប់ទល់នឹងការវាយប្រហារចេញពីយន្តហោះចម្បាំងរបស់សម្ព័ន្ធមិត្ត ជាការហាត់សម។ យន្តហោះចម្បាំង F-16 របស់តួកគី យន្តហោះចម្បាំងអេស្ប៉ាញ Eurofighters យន្តហោះអាមេរិក និងយន្តហោះ Rafale របស់បារាំង ដែលហោះចេញពីនាវាផ្ទុកយន្តហោះ Charles de Gaulle ក៏បានចូលរួមក្នុងសមយុទ្ធនេះដែរ។
អ្នកនាំពាក្យរបស់អង្គការណាតូ លោកស្រី អនណា លូនហ្គេសខ្យូ (Oana Lungescu) បានគូស បញ្ជាក់ថា «ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន យើងបន្តពង្រឹងការរារាំង និងការការពាររបស់យើង នៅក្នុងផ្នែកខាងកើតនៃសម្ព័ន្ធមិត្ត។ លំហាត់សមយុទ្ធបែបនេះធានាថា កងកម្លាំងណាតូអាចធ្វើប្រតិបត្តិការរួមគ្នាបាន ហើយនៅតែត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបនឹង ការគំរាមកំហែងពីគ្រប់ទិសទី»៕