(ឡុងដ៍)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ បានបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិចក្រភពអង់គ្លេស នៅថ្ងៃពុធនេះបានប្រកាសថា ទីក្រុង ឡុងដ៍កំពុងបញ្ជូនឧទ្ធម្ភាគចក្រឱ្យអ៊ុយក្រែន ជាលើកដំបូងបំផុត ចាប់តាំងពីការឈ្លានពានរបស់ រុស្ស៉ី។ ប្រមុខការពារជាតិអង់គ្លេស បេន វ៉លឡេស (Ben Wallace) បានប្រាប់ថា ឧទ្ធម្ភាគចក្រ Sea Kings សរុបចំនួន៣គ្រឿង នឹងត្រូវប្រគល់ឱ្យទៅអ៊ុយក្រែន ក្នុងនោះ១គ្រឿងបានទៅដល់ រួចហើយ។ បើតាមលោក វ៉លឡេស ក្នុងរយៈពេល៦សប្តាហ៍កន្លងមកនេះ ក្រុមវិស្វករនិងទាហាន អ៊ុយក្រែន បានទទួលការហ្វឹកហាត់ នៅក្នុងទឹកដីចក្រភពអង់គ្លេស ដើម្បីរៀនហោះហើរនិងជួសជុល ថែទាំ ឧទ្ធម្ភាគចក្រទាំងនេះ ដែលប្រើប្រាស់សម្រាប់បេសកកម្មរុករក និងជួយសង្រ្គោះ។
លោករដ្ឋមន្រ្តីការពារជាតិអង់គ្លេស បានបន្តថា ក្រៅពីឧទ្ធម្ភាគចក្រ ទីក្រុងឡុងដ៍ក៏នឹងផ្តល់គ្រាប់ កាំភ្លើងធំ ១០,០០០គ្រាប់បន្ថែមដល់ ទីក្រុងកៀវទៀតផង។ លោក វ៉លឡេស បានធ្វើការប្រកាស ដូចខាងលើ ចេញពីទីក្រុងអូស្លូនៃប្រទេសន័រវែស ជាកន្លែងដែលលោកជួបប្រជុំ ជាមួយបណ្តា ប្រទេសជាសម្ពន្ធមិត្ត ដើម្បីពិភាក្សាអំពីការបន្តគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន៕