ប្អូនស្រីលោក គីម ជុងអ៊ុន ព្រមានថាការដាក់ទណ្ឌកម្ម នឹងបង្កើន «អរិភាព» រឹតតែខ្លាំង


 (សេអ៊ូល)៖  តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ អោយដឹងថា ​កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបានថ្កោលទោសកូរ៉េខាងត្បូង សម្រាប់ការជំរុញការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ក្រោយ ការធ្វើតេស្ដបាញ់ មីស៊ីលជាហូរហែរ ជាមួយការសង្កត់ធ្ងន់ថាទណ្ឌកម្មនឹងមានតែបង្កការខឹងសម្បារ និងបង្កើនអរិភាព តែប៉ុណ្ណោះ។

ប្រតិកម្មរបស់កូរ៉េខាងជើង កើតមានឡើង បន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍កន្លងទៅនេះ បាននិយាយថាខ្លួនកំពុងពិនិត្យ ឡើងវិញចំពោះទណ្ឌកម្មរបស់ទីក្រុង សេអ៊ូល លើទីក្រុងព្យុងយ៉ាង ហើយវិស័យព័ត៌មានវិទ្យាអាចនឹងស្ថិតនៅក្នុងពិចារណា ប្រសិនបើកូរ៉េ ខាងជើងពិតជាធ្វើ តេស្ដអាវុធនុយក្លេអ៊ែរមែននោះ។ នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ប្អូនស្រីលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូជុង បានគូស បញ្ជាក់ដូច្នេះថា «ប្រើសិនបើពួកគេគិតថាអាចគេចផុតពីស្ថានភាពដ៏គ្រោះថ្នាក់ក្នុងពេលបច្ចុប្បន្ន តាមរយៈការដាក់ទណ្ឌកម្ម នោះពួកគេ គឺជាមនុស្សល្ងង់បំផុត ពីព្រោះថាពួកគេមិនដឹងឡើយថាតើ ត្រូវរស់នៅក្នុងសន្តិភាព និងផាសុខភាពយ៉ាងដូចម្ដេច?… ទណ្ឌកម្ម និងសម្ពាធនឹងកាន់តែបង្កើន អរិភាព និងការខឹងសម្បារតែប៉ុណ្ណោះ»