(ភ្នំពេញ)៖ នៅវេលាព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈប្រតិភូស្រ្តីដែលតំណាងឲ្យប្រទេស កម្ពុជា ប្រទេសចិន ប្រទេសប្រ៊ុយណេ ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសជប៉ុន និង ប្រទេសកូរ៉េខាងត្បូង បានអញ្ជើញមកទស្សនកិច្ចពិព័រណ៍ «ក្តីសុបិនកម្ពុជា» នៅសាល មហោស្រព ចតុមុខ ដែលរៀបចំដោយបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
គណៈប្រតិភូដែលជាស្រ្តី ទទួលព្រះរាជស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, អ្នកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារ កម្ពុជា និងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត។
ពិព័រណ៍ «សុបិនកម្ពុជា» គឺជាផ្នែកមួយនៃព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ឧទ្ទិសថ្វាយព្រះបរមរាជវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ពិព័រណ៍ «សុបិនកម្ពុជា» សម្ពោធនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់ បំផុតពីព្រះបាទនរោត្តម សីហមុនី និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះញាតិ វង្សានុវង្ស ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃស្ថាប័នកំពូលៗរបស់ជាតិ។ ពិព័រណ៍នេះ ទទួលបាន ការសព្វព្រះរាជហឫទ័យយ៉ាងខ្លាំងពីព្រះមហាក្សត្រខ្មែរ និងរាជវង្សានុវង្ស។
ពិព័រណ៍ «សុបិនកម្ពុជា» បានដាក់តាំងបង្ហាញពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ និងបានទទួលសាធារណជន, គណៈប្រតិភូដែលជាស្រ្តី និងមេដឹកនាំបណ្តាប្រទេស អាស៊ាន និងប្រទេសមួយចំនួនទៀតដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានចំនួនសរុបប្រមាណ ៨០០ នាក់។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូដែលជាស្រ្តីនៅថ្ងៃនេះ គឺជាដំណើរទស្សនកិច្ចចុងក្រោយ ដែលបង្ហាញពីការគាំទ្រ និងទទួលស្គាល់ស្នាដៃរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និង សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រមទាំងបានទាំងបង្ហាញអំពីតួនាទី ស្រ្តី ក្នុងការចូលរួមនៅក្នុងវិស័យសង្គម វប្បធម៌ សិល្បៈ ប្រវត្តិសាស្រ្ត ការអប់រំ និងនយោបាយ។ នៅក្នុងប្រទេសកម្ពុជាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដែលតំណាងឲ្យស្រ្តីខ្មែរ ទាំងមូល ព្រះអង្គបានជម្នះរាល់ការលំបាក និងឧបសគ្គគ្រប់បែបយ៉ាងតាមដង្ហែព្រះរាជសកម្មភាព ជាច្រើនជាមួយនឹងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ព្រះអង្គ គឺជានិមិត្តរូបនៃភាពរឹងមាំរបស់ស្រ្តីខ្មែរទូទៅ និងជាម្លប់សម្រាប់កូនចៅ និងប្រជានុរាស្រ្តខ្មែរ។
គណ:ប្រតិភូសម្តែងការពេញចិត្តនឹងពិព័រណ៍ ដែលបានផ្តល់ការយល់ដឹងអំពីប្រវត្តិ សា ស្រ្ត ប្រទេសកម្ពុជា និងរាជវង្សានុវង្សខ្មែរ។ ពិព័រណ៍នេះនឹងផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជា ដែល បានឆ្លងកាត់ដំណាក់កាលដ៏លំបាកកន្លងមក។ គណៈប្រតិភូក៏សំណូមពរឲ្យបន្តរក្សាពិព័រណ៍ «សុបិនកម្ពុជា» សម្រាប់សាធារណជន និងភ្ញៀវទូតចូលទស្សនា។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច លោក ឆាំង យុ ជូនសៀវភៅសាក្សីប្រវត្តិ សាស្រ្ត របស់សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ, កុនឯកសាររយ:ពេល១៤នាទីដែលឆ្លុះបញ្ចាំងអំពីប្រវត្តិ សាស្រ្តប្រទេសកម្ពុជា និងព្រះរាជវង្សានុវង្ស និងផ្ទាំងរូបថតរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដល់គណៈប្រតិភូ៕