(ភ្នំពេញ)៖ នៅវេលាម៉ោង ២រសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ព្រមទាំងមេដឹកនាំកំពូលប្រទេសសមាជិក អាស៊ាន បានអញ្ជើញចូលរួមប្រជុំជាមួយអន្តរសភាអាស៊ាន (អាយប៉ា-AIPA) ដែលរៀបចំឡើងនៅ សណ្ឋាគារសុខាភ្នំពេញ។
កិច្ចប្រជុំនេះសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ សភា នៃបណ្តាប្រទេសសមាជិកអាយប៉ា ចូលរួមកិច្ចប្រជុំទល់មុខជាមួយមេដឹកនាំអាស៊ាន។
កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ដែលបានរៀបចំឡើងនៅ រាល់កិច្ចប្រជុំកំពូលអាស៊ាន គឺជាជំនួបផ្លូវការកម្រិតខ្ពស់បំផុតរបស់អាស៊ាន និងអាយប៉ា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការរវាងស្ថាប័នទាំងពីរ និងដើម្បីពិភាក្សាស៊ីជម្រៅលើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិត ក្នុង ន័យឆ្ពោះទៅរកគោលបំណងរួមរបស់អាស៊ាន គឺសន្តិភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ជាមួយការពន្លឿន និងជំរុញឱ្យសម្រេចបាននូវសហគមន៍អាស៊ានមួយ និងត្រៀមខ្លួន សម្រាប់ការពង្រីកអាស៊ាននាពេលអនាគត។
នៅមុនពេលឈានដល់កិច្ចប្រជុំទល់មុខគ្នារវាងមេដឹកនាំកំពូលរបស់អាស៊ាន និងអាយប៉ានេះ នៅ ព្រឹកមិញនេះ ឯកឧត្តម កិត្តិសេដ្ឋបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធាន គណៈប្រតិភូសភាកម្ពុជា បានចូលរួមផ្តល់នូវអនុសាសន៍មួយចំនួនដោយផ្តោតសំខាន់លើបញ្ហាគន្លឹះ ដែលជាការប្រឈមរួមរបស់ប្រទេសជាសមាជិកអាយប៉ា និងអាស៊ាន នៅក្នុងកិច្ចប្រជុំរៀបចំសេចក្តី ព្រាងសារអាយប៉ា នៅសណ្ឋាគារកាំបូឌីយ៉ាណា។
គណៈប្រតិភូសភានៃបណ្តាប្រទេសជាសមាជិកអាយប៉ា នឹងនាំយកនូវធាតុចូល ដែលជាទស្សនៈ រួមក្នុងនាមប្រទេសជាសមាជិកអាយប៉ា ដាក់បញ្ចូលទៅក្នុងសារ ដែលនឹងត្រូវថ្លែងដោយសម្ដេច ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអាយប៉ា លើកទី៤៣ នៅចំពោះមុខថ្នាក់ ដឹកនាំអាស៊ាន។
សូមរំលឹកថា កិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា លើកទី១ ត្រូវបានចាប់ផ្តើមអនុវត្តន៍ ជាលើកដំបូង នាកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ នៅឆ្នាំ២០០៩ នៅខេត្តហ៊ួហ៉ីន ប្រទេសថៃ ក្រោមគំនិតផ្តួចផ្តើមរបស់សភាប្រទេសសមាជិកអាយប៉ា និងអាស៊ាន។ ចាប់ពីពេលនោះមក កិច្ច ប្រជុំនេះ បានប្រព្រឹត្តទៅចំនួន ១០លើករួចមកហើយ ដែលលើកចុងក្រោយ នៅឆ្នាំ២០២០ ធ្វើនៅ ទីក្រុងហាណូយ ប្រទេសវៀតណាម តាមប្រព័ន្ធនិម្មិត (ប្រព័ន្ធវីដេអូ)។ ឆ្នាំនេះជាកិច្ចប្រជុំលើកទី១១ ដែលសភាកម្ពុជា ទទួលរៀបចំ និងដឹកនាំកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ានេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំនៅរាជធានីភ្នំពេញ បានចាប់ផ្តើមហើយនៅថ្ងៃទី១០ ខែវិច្ឆិកានេះ។ ជាកិច្ចចាប់ផ្តើមដំណើរការនៃកិច្ចប្រជុំប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន បានដឹកនាំមេដឹកនាំសមាជិកអាស៊ានដទៃទៀត ចូលក្រាប បង្គំគាល់ព្រះមហាក្សត្រ។
នៅរសៀលថ្ងៃដដែលនេះ ក្រៅតែពីការប្រជុំតទល់មុខជាមួយអន្តរសភាអាស៊ានហើយនោះ មេដឹក នាំអាស៊ាន ក៏នឹងជួបប្រជុំជាមួយតំណាងយុវជនអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ានផងដែរ។
នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងបើកជាផ្លូវការ៕