លោក ស៊ី ជីនពីង ថានឹងបន្តបើកចំហរប្រទេស និងចែករំលែកឱកាសជាមួយប្រទេសទាំងអស់

 (សៀងហៃ)៖  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានឱ្យ ដឹងនៅថ្ងៃសុក្រសប្តាហ៍នេះនៅក្នុងពិធី បើកពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) នៅទីក្រុងសៀង ហៃថា ប្រទេសចិននឹងបន្តបើកចំហរ ប្រទេស និងសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ដើម្បី ចែករំលែកឱកាស។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក ស៊ី ខណៈថ្លែងតាមរយៈវីដេអូថា ប្រទេសចិននឹងជំរុញការវិនិយោគបរទេសបន្ថែមទៀត និងពន្លឿន គម្រោងសាងសង់នានាដូចជាកំពង់ផែពាណិជ្ជកម្មសេរីហៃណានជាដើម។

លោកបានមានប្រសាសន៍ថា៖ «ប្រទេសចិននឹងជំរុញឱ្យប្រទេសនិងភាគីទាំងអស់ចែករំលែកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ ចូលរួមយ៉ាងពេញលេញ និងស៊ីជម្រៅក្នុង កំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក និងលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ និងការសម្របសម្រួល»

លោក Xi បានកាន់តំណែងជាអគ្គលេខាធិការអាណត្តិទីបីនៅក្នុងសមាជរបស់បក្សកុម្មុយនិស្ត ចិនដែលកំពុងកាន់អំណាចកាលពីខែមុន ជាទីដែលលោកបានជំរុញឱ្យគណបក្សទប់ទល់នឹងការ លំបាក និងពង្រឹងសន្តិសុខជាតិ។

ពិព័រណ៍ CIIE ដែលជាពិព័រណ៍ផ្តោតលើការនាំចូលទំនិញពីបរទេស ត្រូវបានដាក់ឱ្យដំណើរការ ដោយប្រទេសចិនក្នុងឆ្នាំ២០១៨ ដើម្បីបង្ហាញអត្តសញ្ញាណពាណិជ្ជកម្មសេរីរបស់ខ្លួន។
អ្នករៀបចំព្រឹត្តិការណ៍នេះដែលចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកាបាននិយាយថា ក្រុមហ៊ុន មកពី ១២៧ប្រទេសនិងតំបន់ នឹងបង្ហាញផលិតផលឬសេវាកម្មរបស់ពួកគេនៅក្នុងពិព័រណ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕