(ទីក្រុងម៉ានីល)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើអាណត្តិសេវាប្រឹក្សា ប្រតិបត្តិការ ជាមួយក្រុមហ៊ុនអគ្គិសនីជាតិកម្ពុជា Électricité du Cambodge (EDC) ដើម្បីគាំទ្រ ដល់ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ (GW) នៅកម្ពុជា ដែលនឹងជួយឱ្យប្រទេស សម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ ២០៥០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកានេះ។
ADB បានឱ្យដឹងថា ក្នុងអាណត្តិកម្មវិធីនេះ ADB នឹងជួយ EDC ធ្វើការសិក្សាទូទាំងប្រទេស ស្តីពីឱកាសសម្រាប់សមត្ថភាពថាមពលពន្លឺព្រះអាទិត្យបន្ថែម រួមជាមួយនឹងប្រព័ន្ធផ្ទុកថាមពលថ្ម (Battery Engergy Storage System – BESS) ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ ២០៣០។ ADB ក៏នឹងជួយដល់ EDC ក្នុងការដាក់ដេញថ្លៃ គម្រោងសាកល្បង១០០មេហ្គាវ៉ាត់ ដែលកំណត់ក្រោមការសិក្សាខាងលើទៅវិស័យឯកជន ដែលនឹងសាងសង់ ផ្តល់ហិរញ្ញប្បទាន និងដំណើរការគម្រោង។ គម្រោងសាកល្បងនេះត្រូវបានគេរំពឹងថានឹងប្រមូលទុនបានរហូតដល់ ១០០លានដុល្លារអាមេរិកនិងធ្វើជាគំរូក្នុងការពង្រីកវិសាលភាពការផ្គត់ផ្គង់ថាមពលកកើតឡើងវិញដែលមានតម្លៃសមរម្យ និងឆាប់រហ័សក្នុងប្រទេសកម្ពុជា។
ការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ នេះគឺស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងរបស់ប្រទេស តាមរយៈការបង្កើនការប្រើ ប្រាស់ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល។ គន្លឹះនៃយុទ្ធសាស្ត្រនេះគឺការទាញយកធនធានពន្លឺព្រះអាទិត្យដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដែលការរួមចំណែករបស់ថាមពលព្រះអាទិត្យនេះបានកើនឡើងជាក់ស្តែងពីសូន្យក្នុងឆ្នាំ ២០១៦ ដល់ប្រមាណ ១២% នៅចុងឆ្នាំ ២០២១។
លោកស្រី F. Cleo Kawawaki ប្រធានការិយាល័យភាពជាដៃគូសាធារណៈ និងឯកជនរបស់ ADB បានមានប្រសាសន៍ថា «វានឹងជាកម្មវិធីនេះប្រកបដោយមហិច្ឆតាខ្ពស់របស់កម្ពុជាក្នុងវិស័យថាមពលកើតឡើងវិញបាន។ វានឹងកាត់បន្ថយថ្លៃអគ្គិសនី និងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខថាមពលដោយ ការទាញយកអត្ថប្រយោជន៍ពីធនធានក្នុងស្រុក។ យើងសង្ឃឹមថានឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈការគាំទ្រ ការដេញថ្លៃប្រកបដោយ តម្លាភាព ដែលបានត្រៀមយ៉ាងល្អ និងដែលទាក់ទាញការប្រកួតប្រជែងយ៉ាងសកម្ម ដើម្បីបង្កើន ប្រសិទ្ធភាព ភាពច្នៃប្រឌិត និងទុនពីវិស័យឯកជន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។»
ផែនការមេអភិវឌ្ឍន៍ថាមពល ថ្មីរបស់កម្ពុជា ទទួលស្គាល់សក្តានុពលក្នុងការពង្រីកបន្ថែមនូវ សមត្ថភាពនៃថាមពលពន្លឺព្រះអាទិត្យ PV ដែលត្រូវបានរំពឹងថានឹងលើសពី ៣ ជីហ្គាវ៉ាត់ ក្នុងឆ្នាំ ២០៤០។ ដោយសារការរួមចំណែកនៃថាមពល ពន្លឺព្រះអាទិត្យកើនឡើង ចាំបាច់ត្រូវមានការ កែលម្អស្ថិរភាពបណ្តាញតាមរយៈការអនុម័ត BESS ។
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «ADB រីក រាយក្នុងការគាំទ្រការផ្លាស់ប្តូរទៅរកថាមពលបៃតងនៅកម្ពុជា ដែលនឹងលើកកម្ពស់កំណើនសេដ្ឋកិច្ច ស្អាត ប្រកបដោយនិរន្តរភាព និងបិរយាបន្នតាមរយៈការកែទម្រង់គោលនយោបាយក្នុងផែនការ និងអភិបាលកិច្ចថាមពល ការកែលម្អស្ថិរភាពបណ្តាញអគ្គិសនី និងប្រសិទ្ធភាពថាមពល។»
អាណត្តិកម្មវិធីនេះ ផ្អែកលើការគាំទ្រពីមុនរបស់ ADB ដល់វិស័យថាមពលព្រះអាទិត្យរបស់កម្ពុជា ដែលរួមមានឧទ្យានជាតិសូឡាដំបូងបង្អស់របស់ប្រទេស មានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង ដែលនឹង ផលិតថាមពលពន្លឺព្រះអាទិត្យរហូតដល់ ១០០ មេហ្គាវ៉ាត់។ កម្មវិធីនេះក៏នឹងផ្អែកលើគម្រោង BESS ដែលអនុវត្តដោយ EDC ជាមួយនឹងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដែលផ្តល់ដោយ ADB៕