ប្រមុខការទូតកម្ពុជា ទទួលសារតាំងអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា


 (ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលសារតាំងរបស់ លោក Joseph Scheuer ដែលត្រូវបានតែងតាំងដោយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ជាអ្នកសម្របសម្រួល ថ្មីរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Joseph Scheuer ដែលបានឆ្លើយតបដោយការសម្តែងនូវចំណាប់អារម្មណ៍ថា «លោកមានអារម្មណ៍ថា លោកហាក់ដូចជាបានវិលត្រលប់មកផ្ទះរបស់ខ្លួនវិញ» ដោយសំដៅដល់ការបំពេញបេសកកម្មកាលពីមុនៗ របស់លោកជាមួយទីភ្ញាក់ងាររបស់អង្គការសហប្រជាជាតិផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃរបស់ ក្រុមការងារអង្គការសហប្រជាជាតិ តាមរយៈក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDAF) និងក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាត ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត។ លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ជាមួយនឹងជំនួយដ៏សប្បុរសនេះ បូករួមជាមួយនឹងយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៩៥% នៃចំនួនពលរដ្ឋសរុប។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីជំនួបប្រកបដោយផ្លែផ្កានាពេលថ្មីៗនេះ រវាងសម្តេចតេ ជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ លោក Joseph Scheuer បានសម្តែងនូវអំណរគុណចំពោះការគាំទ្រ និងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោកអគ្គ លេខាធិការ នាពេលខាងមុខ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ អំពីសារសំខាន់នៃជំនួបជាថ្មីម្ដងទៀតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកអគ្គ លេខាធិការអង្គការសហប្រជាជាតិ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ ព័ន្ធ នាពេលឆាប់ៗនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Joseph Scheuer បានសម្តែងនូវការពេញ ចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អដែលកំពុងមាននាពេលបច្ចុប្បន្នរវាងកម្ពុជា និងអង្គការសហ ប្រជាជាតិ និងបានផ្លាស់ប្តូរទស្សនៈគ្នាអំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិដោយភាគីទាំងពីរបានទន្ទឹងដល់ការបន្តកិច្ចសន្ទនាប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់នៅកម្ពុជា ដែលបានអាក់ខានដោយសារ ជំងឺរាតត្បាតកន្លងមក។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជា ចំពោះប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKOs) ដោយគូសបញ្ជាក់ពី ការតាំងចិត្តរបស់កម្ពុជាបន្តបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនដើម្បីជាគុណប្រយោជន៍ដល់សន្តិភាព។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីលទ្ធផលចំបងៗ ដែលសម្រេច បាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ ថ្វីត្បិតមានបញ្ហាប្រឈម និងបញ្ហាក្នុងតំបន់ និងអន្តរជាតិក្តៅៗមួយចំនួនក្តី។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនផងដែរអំពីការត្រៀមរៀបចំរបស់កម្ពុជា សម្រាប់កិច្ច ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

លោក Joseph Scheuer បានជូនពរកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀប ចំកិច្ចប្រជុំកំពូលទាំងនេះ៕