បារាំងទទួលសំណើររៀបចំការប្រកួតបាល់ះមិត្តភាពអន្ដរជាតិជាមួយកម្ពុជា

 (ភ្នំពេញ)៖ បារាំង ដែលជាប្រទេសមហាអំណោចមួយក្នុងវិស័យកីឡាបាល់ទះលើពិភពលោក បាន ទទួលសំណើរកម្ពុជា នឹងរៀបចំឲ្យមានការប្រកួតមិត្តភាពអន្ដរជាតិ រវាងប្រទេសទាំងពីរ នាពេល ឆាប់ៗខាងមុខ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រោយជំនួប ពិភាក្សាការងារជាមួយលោក Eric Tanguy ប្រធានសហព័ន្ធកីឡាបាល់ទះបារាំង តាមប្រព័ន្ធ Zoom កាលពីថ្មីៗ។ប្រមុខសហព័ន្ធកីឡាបាល់ទះកម្ពុជា ខាងលើ បានគូសបញ្ជាក់ថា «កាលពីថ្ងៃ ទី២៧ ខែតុលាកន្លងមកនេះ ខ្ញុំបានជួយពិគ្រោះជាមួយឯកឧត្តម Eric Tanguy ប្រធានសហព័ន្ធកីឡា បាល់ទះ នៃសាធារណរដ្ឋបារាំង តាមប្រព័ន្ធ Zoom ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានសហព័ន្ធកីឡា បាល់ទះបារាំង បានបង្ហាញនូវឆន្ទៈជួយលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជា តាមរយៈការផ្លាស់ ប្ដូរប្រតិភូ ផ្លាស់ប្ដូរបច្ចេកទេស និងឈានទៅដល់ការចុះ អនុស្សារណៈយោគយល់គ្នា(MOU) នាពេល អនាគតផងដែរ» ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិតបន្ដថា «ដើម្បីឆ្លើយតបទៅនឹងការត្រៀមខ្លួនរបស់កម្ពុជា ក្នុងនាម ម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទះបារាំង បានទទួលយកសំណូម ពររបស់កម្ពុជា រៀបចំការប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុម ជម្រើសជាតិ ឬក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់បារាំង ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេក ទេសល្អៗ ។ ជំនួបមិត្តភាពនេះ គ្រោងធ្វើឡើងក្រោមជម្រើស ២ ទី១-គឺបារាំង មកប្រកួតមិត្តភាពនៅ កម្ពុជា និងទី២-យើងបញ្ជូនក្រុមជម្រើសជាតិកម្ពុជា ទៅប្រកួតនៅប្រទេសបារាំងវិញ ។ បច្ចុប្បន្នក្រុមអគ្គលេខាធិការដ្ឋានសហព័ន្ធប្រទេសទាំងពីរ បាននឹងកំពុងពិភាក្សារៀបចំការប្រកួត នេះ» ។

ជុំវិញការចងសម្ព័ន្ធភាពដ៏ល្អ និងឈានទៅរកការប្រកួតមិត្តភាព ជាមួយក្រុមកំពុងឈរចំណាត់ ថ្នាក់លេខ៣ លើពិភពលោកនេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ បង្ហាញនូវ សុទិដ្ឋិនិយមខ្ពស់ ដែលស្ថិតក្នុងផែនការរបស់សហព័ន្ធ ក្នុងការជំរុញក្រុមជម្រើសជាតិកម្ពុជា ធ្វើការ ប្រកួតមិត្តភាពអន្ដរជាតិឲ្យបានច្រើន ពិសេសក្រុមខ្លាំងៗជាងខ្លួន ដើម្បីវាស់ស្ទង់ ក៏ដូចជាពង្រឹង សមត្ថភាព និងបច្ចេកទេស ឆ្ពោះទៅប្រជែងមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ។ ឯកឧត្តម ថា ជំនួបមិត្តភាពកម្ពុជា និងបារាំងនេះ កំពុងស្ថិតក្នុងកិច្ចសហការយ៉ាងល្អ ដើម្បីឈានទៅរកការប្រកួត នាពេលឆាប់ៗខាងមុខ ។

គួរដឹងថា កាលពីថ្មីៗ កំលុងការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ ២០២២ សហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានរៀបចំឲ្យមានជំនួបមិត្តភាពអន្ដរជាតិចំនួន ២ប្រកួត ផងដែរ ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ ហើយក្រុមជម្រើសជាតិកម្ពុជា សុទ្ធតែទទួលបានជ័យ ជម្នះ ក្នុងនោះឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ២-១សិត និងឈ្នះក្រុមជម្រើសជាតិ U21 គុយបា ក្នុងលទ្ធផល ៣-១សិត ។ នេះជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីក្រុមបាល់ទះបុរសក្នុងសាលកម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រឈ្នះមេដាយសំរឹទ្ធស៊ីហ្គេមលើកដំបូង នៅវៀតណាម កាលពីខែឧសភាក ន្លងទៅ ៕