(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំការយោគយល់អធ្យា ស្រ័យពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញចំពោះការរំខានចរាចរណ៍នៅតាមផ្លូវមួយចំនួន ក្នុងពេល ដែលកម្ពុជាទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាសប្តាហ៍ក្រោយ។
ការស្នើសុំការយោគយល់នេះធ្វើឡើងនាឱកាសសម្តេចតេជោអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សរុបជាង៦ ពាន់នាក់ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃ ប្រជាពល រដ្ឋនៅភ្នំពេញអាចនឹងជួបការលំបាកបន្តិច ព្រោះយើងត្រូវរៀបចំផ្លូវដើម្បីជៀសវាងនូវការកកស្ទះ ចរាចរណ៍ អ៉ីចឹងក៏សូមអភ័យទោសសម្រាប់ប្រជាពលរដ្ឋរបស់យើង»។
សម្ដេចតេជោបានបញ្ជាក់ថា ការរៀបចំ សម្របសម្រួល និងបញ្ជៀសចរាចរណ៍នេះ គឺដើម្បីធានា សុវត្ថិភាពជូនគណៈប្រតិភូជាតិនិងអន្តរជាតិដែលមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធនាសប្តាហ៍ក្រោយនោះ សំដៅធ្វើយ៉ាងណាកុំឱ្យស្ទះចរាចរណ៍ ឬរហូតទៅដល់ការបង្ក ឱ្យមានបញ្ហាជាមួយនឹងភ្ញៀវ។ សម្ដេចតេជោបានបន្តថា ទោះបីមិនមានការហាមឃាត់នៅតាម ផ្លូវទាំងអស់ក៏ពិតមែន តែច្បាស់ជាមានការបិទផ្លូវបណ្ដោះអាសន្ន រាល់ពេលមានការធ្វើដំណើរ របស់គណៈប្រតិភូជាតិនិងអន្តរជាតិ។
ចំពោះសម្ដេចផ្ទាល់ក៏មានគម្រោងស្នាក់នៅសណ្ឋាគារសុខាភ្នំពេញ១យប់ឬ២យប់ដែរ ដើម្បី អញ្ជើញចូលរួមដឹកនាំអង្គប្រជុំឱ្យបានទាន់ពេល និងដើម្បីជៀសវាងការបិទផ្លូវចាប់ពីគេហដ្ឋាន របស់សម្ដេចនៅក្រុងតាខ្មៅមកដល់សណ្ឋាគារសុខាភ្នំពេញដែលជាទីរៀបចំអង្គប្រជុំផងដែរ ខណៈកម្មវិធីត្រូវមានជាប់រហូតចាប់ពីថ្ងៃទី៨ ខែវិច្ឆិកាតទៅ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានគម្រោងដើរលេងកម្សាន្ត គួរគប្បីទៅទស្សនាកម្សាន្តនៅតាមបណ្ដាខេត្តនានា ដើម្បីជៀសវាងបញ្ហាកកស្ទះចរាចរណ៍នៅរាជ ធានីភ្នំពេញជាដើម៕