សហរដ្ឋអាមេរិក គ្រោងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់ភាគខាងជើងប្រទេស អូស្រ្តាលី

 (ស៉ីដនី)៖  យោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ គឺ ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី បានរាយកាណ៍នៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកគ្រោង នឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ៦គ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាសនៅ ភាគខាងជើងប្រទេសអូស្ត្រាលី ខណៈវិធានការមួយនេះអាចបង្កភាពតានតឹងកាន់តែខ្លាំងជាមួយក្រុង ប៉េកាំង។

គ្រឿងបរិក្ខារពិសេសសម្រាប់យន្តហោះទម្លាក់គ្រាប់បែក នឹងត្រូវដំឡើងនៅមូលដ្ឋានទ័ពអាកាស ទីនដាល (Tindal) ដែលស្ថិតចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុងដាវីន (Darwin) ជារដ្ឋធានីនៃដែនដីភាគខាងជើងនៃប្រទេសអូស្ត្រាលី។ នេះជាផែនការលម្អិតរបស់សហរដ្ឋអាមេរិក នៅដែនដី ភាគខាងជើងអូស្រ្តាលី សម្រាប់អ្វីដែលខ្លួន ហៅថា «កន្លែងប្រតិបត្តិការកងអនុសេនាធំ» ឬជាមជ្ឈមណ្ឌលថែទាំ និងសំចតយន្តហោះ B-52s។

ជុំវិញព័ត៌មាននេះ ការិយាល័យរបស់លោក រីឆាដ ម៉ាឡេស (Richard Marles) រដ្ឋមន្រ្តីការពារ ជាតិអូស្រា្តលី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ នោះទេ៕